អ្នកទោស ជាង ២៥០នាក់ហែកគុក រត់នៅឥណ្ឌូណេស៊ី
អាជ្ញាធរឥណ្ឌូណេស៊ី កំពុងតាមប្រមាញ់អ្នកទោសចំនួនជាង ២៥០នាក់ ដែលបានរត់ចេញពីគុកស្ថិតនៅខេត្ត Papua ភាគខាងលិច។
ការហែកគុករត់ចេញ កើតឡើងកាលពីថ្ងៃចន្ទ ខណៈដែលក្រុមអ្នកតវ៉ា បានធ្វើការហែរក្បួននៅតាមដងផ្លូវជាច្រើនក្នុងទីក្រុង និងបានបិទផ្លូវ និងដុតអគារ រួមទាំងគុក។
ភាពចលាចលកើតឡើងដោយសារតែមានការឃុំខ្លួនសិស្សមកពីខេត្ត Papua ជាច្រើននាក់នៅក្នុងទីក្រុង Surabaya ដោយការចោទប្រកាន់ថា ពួកគេបានមើលងាយទង់ជាតិរបស់ឥណ្ឌូណេស៊ី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឥណ្ឌូណេស៊ី អ្នកស្រី Marlien Lande បានថ្លែងថា “មានអ្នកទោសចំនួន ២៥៨នាក់បានរត់ចេញពីគុក ហើយមានតែ ៥នាក់ប៉ុណ្ណោះ បានត្រឡប់មកវិញ។ សន្តិសុខ និងបុគ្គលិកគុកជាច្រើននាក់បានរងរបួស ខណៈពេលដែលពួកគេព្យាយាមបញ្ឈប់ការរត់ចេញពីគុករបស់អ្នកទោស”។