ទឹកជំនន់បន្តហក់ឡើងយ៉ាងគំហុគនៅស្ទឹងព្រែកត្នោតខណ្ឌដង្កោ បាក់ផ្លូវបេតុងមួយខ្សែសង្កាត់សាក់សំពៅកម្លាំងយោធាចេញជួយអន្តរាគមន៍
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុគនៅស្ទឹងព្រែកត្នោតក្នុងមូលដ្ឋានខណ្ឌដង្កោយ៉ាងខ្លាំងបានបណ្តាលឲ្យលំនៅឋានពលរដ្ឋ សាលារៀន វត្តអារ៉ាម ផ្លូវបេតុងរងនូវការលិចលង់ជាបន្តបន្ទាប់ ហើយនៅព្រឹក
ថ្ងៃទី២១ កក្កដានេះ ទឹកនៅតែបន្តជន់លិចយ៉ាងខ្លាំងបណ្តាលអោយបាក់ផ្លូវបេតុងក្នុងភូមិសង្កាត់សាក់សំពៅ ខណ្ឌដង្កោផងដែរ។
ជុំវិញគ្រោះមហន្តរាយនេះ តាំងពី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នា២០១៨ រហូតដល់យប់កណ្តាលអាធ្រាត្រថ្ងៃដដែល និងព្រឹកនេះកងកម្លាំងយោធាយុទ្ធភូមិភាគពិសេស៦០នាក់ សហការនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ កងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រជាការពារភូមិសង្កាត់ និងក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោបានចេញជួយអន្តរាគមន៍ផងដែរ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹង នៅព្រឹកថ្ងៃទី២១កក្កដានេះថា ទូរលេខប្រជាពលរដ្ឋរងគ្រោះនូវជំនន់ទឹកភ្លៀងនេះមានជាង១ពាន់គ្រួសារហើយនិងបានធ្វើឲ្យបាក់ផ្លូវនៅចំណុចវត្តកំពង់ក្តុល។ លោកអធិការដដែលបញ្ជាក់ថា មានចំនួន១៨សង្កាត់ក្នុងខណ្ឌដង្កោទទួលរងនូវការលិចលង់ ហើយភាគច្រើនលំនៅឋានពលរដ្ឋដែលរស់នៅមាត់ស្ទឹង។
លោក ស៊ុំ សារី នាយនគរបាលប៉ុសិ្តរដ្ឋបាលព្រៃស ក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១កក្កដានេះដែរថា លំនៅឋានពលរដ្ឋចំនួន១២០គ្រួសារ មានចំនួន២ភូមិ ត្រូវបានរងនូវការលិចលុង សាលារៀនបឋមសិក្សាវត្តហារមានចំនួន៣អគារត្រូវបានលិចទាំងស្រុង និងនៅក្នុងបរិវេណវត្តហារ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសផងដែរ។ លោក ស៊ុំ សារី បញ្ជាក់ថា លំនៅឋានពលរដ្ឋ១៩គ្រួសារត្រូវបានជម្លៀសចេញទៅរកទីទួលសុវតិ្ថភាពនៅព្រឹកថ្ងៃទី២១កក្កដានេះ។ លោកបន្តថា ទឹកបានស្រក់១តិកនៅម្តុំវត្តហារហូរធ្លាក់ទៅសង្កាត់ស្ពានថ្ម។
លោកនាយប៉ុសិ៍្តក្រាំងពង្រក៏បានឲ្យដឹងដែរថា នៅភូមិសាស្ត្រសង្កាត់ក្រាំងពង្រមានចំនួន២ភូមិ ៣៤គ្រួសារ ត្រូវបានរងនូវការលិចលង់ផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃទី២១កក្កដានេះទឹកបានហក់ឡើងនៅចំណុចស្ពានកំពង់ទួលយ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១កក្កដានេះថា ទឹកនៅតែបន្តហក់ឡើងគួរឲ្យបារម្មណ៍មិនឃើញថមថយទេនៅព្រឹកថ្ងៃទី២១កក្កដានេះ។ របាយការណ៍ដដែលឲ្យដឹងថា នៅសង្កាត់ជើងបន្តលិចលុងមាន២ភូមិ ស្មើនឹង១៧គ្រួសារ។ សង្កាត់សាក់សំពៅមានចំនួន៦ភូមិ ៥០ខ្នងផ្ទះ។ សង្កាត់ស្ពានថ្មមានចំនួន៦ភូមិ ស្មើនឹង៥៧គ្រួសារ សាលាសង្កាត់ស្ពានថ្ម និងស្នាក់ការប៉ុសិ៍្តរដ្ឋបាលត្រូវបានលិចទាំងស្រុង។ សង្កាត់ព្រែកកំពឹសពលរដ្ឋត្រូវបានជម្លៀសចេញនៅព្រឹកនេះមានចំនួន៣ភូមិ។ សង្កាត់ទៀនភូមិដែលលិចមានភូមិថ្ម ភូមិកន្ទុយទឹក និងភូមិសាលាស្មើនឹង៤០គ្រួសារ។ សង្កាត់គងនយមានចំនួន៣ភូមិ ៨៧ខ្នងផ្ទះ ស្មើនឹង៩៤គ្រួសារ នឹងសង្កាត់ដង្កោ ភូមិបាគូក៏ត្រូវបានជម្លៀសចេញផងដែរមាន១០គ្រួសារ៕