ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងលោកនុត ពុធដារ៉ា ជាអភិបាលរងខេត្តក្រចេះ

88

ភ្នំពេញ៖ លោក ងី ច័ន្ទផល រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានថ្លែងកោតសសើរដល់លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះថ្មីដែលទើបប្រកាសតែងតាំងនេះថា៖ជាមន្ត្រីដែលមានបទពិសោធន៍លើការងារដឹកនាំនិងគ្រប់គ្រងទាំងនៅក្នុងថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅសាលាខេត្តក្រចេះបានរៀបចំពិធីប្រកាសចូលកាន់តំណែងលោកនុត ពុធដារ៉ា ជា អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រម ដោយទទួលបានការអញ្ជើញចូលជាគណៈអធិបតីលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី កងកម្លាំងនគរបាលខេត្ត កងរាជអាវុធហេត្ថខេត្ត អភិបាលស្រុកទាំងអស់ក្រោមឱវាទសាលាខេត្តក្រចេះ។

ក្នុងពិធីនោះលោករដ្ឋលេខាធិការក្រសួងមហាផ្ទៃកោតសសើរដល់អភិបាលរងខេត្តក្រចេះថ្មី និងណែនាំឲ្យបន្តដឹកនាំឲ្យកាន់តែប្រសើរឡើងទ្វេរដង និងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ។

លោករដ្ឋលេខាធិការដដែលបន្តថា ដោយសារកន្លងមកលោក នុត ពុធដារ៉ា ក៏ធ្លាប់កាន់មុខតំណែងជាអគ្គនាយករង នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បន្ទាប់មកជាអភិបាលរងខណ្ឌឬស្សីកែវ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោរាជធានីភ្នំពេញ។ ដោយសារលោកនុត ពុធដារ៉ា ជាមន្ត្រីដែលធ្លាប់ប្រឡូកក្នុងការងារទាំងនៅក្នុងថ្នាក់ជាតិនិងនៅទីប្រជុំជនដូចជានៅក្នុងរាជធានីភ្នំពេញនោះ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃសង្ឃឹមថា អភិបាលរងខេត្តថ្មីនឹងខិតខំប្រឹងប្រែងអនុវត្តតួរនាទីភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹងនិងសមត្ថភាពនិងបទពិសោធន៍ដែលបានមានពីមុននោះផង ដើម្បីបន្តចូលរួមដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍន៍រដ្ឋបាលខេត្តក្រចេះនេះឲ្យបានរីកចម្រើននិងសមិទិ្ធផលថ្មីថែមទៀតផងដែរ។

លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏ស្នើឲ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងអភិបាលរងខេត្តទាំងអស់ មន្ទីរ អង្គភាពនានា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ភូម ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះផ្តល់ការគាំទ្រដល់លោក នុត ពុធដារ៉ា ដើម្បីបន្តរួមគ្នាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តក្រចេះឲ្យកាន់តែមានរីកចម្រើនបានលើគ្រប់វិស័យបន្តទៀត។

ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះដែលត្រូវចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញមុខងារបម្រើជាតិ និងប្រជាពលរដ្ឋដូចជា៖
ទី១ ប្ដេជ្ញាគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាពខ្ពស់។
ទី២ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុរបង្ហាញ និងរាល់ការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ឲ្យបានល្អ ដើម្បីពង្រឹងការបម្រើការងារប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការបំពេញភារកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី៤ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចាត់តាំង និងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យបានត្រឹមត្រូវ នឹងខ្ជាប់ខ្ជួន ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពនូវគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” គោលនយោបាតាមវិស័យនានា និងយុទ្ធសាស្ត្រការងារអាទិភាពរបស់គណៈអភិបាលខេត្ត។
ទី៥ចូលរួមលុបបំបាត់រាល់បាតុភាពអសកម្មនានាដែល នៅសេសសល់ ធ្វើឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា៖ដោយពិនិត្យទៅលក្ខណៈសម្បតិ្ត សមត្ថភាព និងបទពិសោធន៍ការងារ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក នុត ពុធដារ៉ា ដែលជាអតីតអភិបាលខណ្ឌដង្កោរាជធានីភ្នំពេញឲ្យទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ជំនួសលោក ជាក់ ម៉េងហៀង ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី៕

 

អត្ថបទដែលជាប់ទាក់ទង