បន្លំយកថង់ស្ករគ្រាប់ វេចខ្ចប់គ្រឿងញៀន ត្រូវបង្ក្រាបនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច នៅថ្ងៃទី៣០ខែធ្នូ បានបញ្ជូនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀន មួយចំនួនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់ការបន្ត។
សូមបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ចន្លោះគីឡូម៉ែត្រលេខ92-93 ស្ថិតភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ឋានស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យចំនួន ១នាក់ ឈ្មោះ សេង សាវឿន ហៅ (ឈីញ)ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត(បែនដឹកដី) ស្នាក់នៅភូមិ ឃុំខាងលើ ។
ជាក់ស្តែងកម្លាំងដកហូតបានសម្ភាររួមមាន ៖ ម្សៅក្រាមពណ៌ស សរុប ចំនួន (១៩៥កញ្ចប់)ដែលដាក់បន្លំក្នុងស្រោមស្ករគ្រាប់ និងកិបក្នុងលុយ ,ដងខ្សៀសម្រាប់ជក់ ធ្វើអំពីកែវ ចំនួន ២១ ខ្សៀ ,ទូរស័ព្ទ ប្រភេទ oppo ពណ៌ស្វាយចំនួន ០១គ្រឿង, ចិញ្ជៀន (ចំនួន២វង់) ត្បូងពណ៌ខ្មៅ ចំនួន០១ និង ចិញ្ជៀនរូបក្ងោក លោហៈធាតុ ពណ៌ក្រហម ចំនួន ១វង់, ខ្សែក ពណ៌ក្រហមមានត្បូងខ្មៅ ចំនួន ០១ខ្សែ, ខ្សែដៃ លោហៈធាតុពណ៌ក្រហម ចំនួន ០១ខ្សែ, នាឡិកាដៃពណ៌ក្រហម ខ្សែស្បែក ចំនួន ០១ខ្សែ, ប្រាក់រៀល ចំនួន ៧៥០០០រៀល, ថង់សម្រាប់ច្រកមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់ការបន្ត ៕