កម្ពុជា និងទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលចាំបាច់អាចចែករំលែក បទពិសោធន៍ រវាងគ្នាទៅវិញទៅមក
ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមក គឺកម្ពុជាមានបទពិសោធន៍ សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើត ក៏មានបទពិសោធន៍សម្រាប់ចែកជូន មកកម្ពុជាវិញផងដែរ។
នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោកស្រី ត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ លោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុងឱកាសដែលលោកស្រី ទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកស្រី បានថ្លែងថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោកស្រី បានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា គឺបេះដូងរបស់លោកស្រី ស្ថិតនៅក្នុងប្រទេសកម្ពុជារួចទៅហើយ។
លោកស្រី បានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេសដ៏គំរូមួយ ដែលអាចដកស្រង់បទពិសោធន៍ ហើយយកបទពិសោធន៍នោះ ដើម្បីជាការរៀនសូត្រផង និងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង។ លោកស្រី បានឃើញសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជាដែលសុខសន្តិភាព ស្ថេរភាពនេះហើយ ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជា ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លើសពីនោះទៅទៀត កម្ពុជាគឺជាប្រទេសមួយ ដែលមានប្រជាពលរដ្ឋរីករាយស្រស់ថ្លា ហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពនេះឯងដែលមានការទាក់ទាញ សម្រាប់អ្នកទេសចរមកទស្សនានៅកម្ពុជា មកវិនិយោគនៅកម្ពុជា ហើយជាងនេះទៅទៀត កត្តាសុវត្ថិភាពនេះឯងគឺជាកត្តាទាក់ទាញជាទីបំផុត។
ក្នុងន័យនេះដែរ លោកស្រី ក៏បានសម្តែងនូវការរីករាយ ដែលលោកស្រី បានក្លាយជាអ្នកការទូតរបស់ទីម័រខាងកើតលើកទី១ មកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើត មកសិក្សានៅកម្ពុជាដែលកំពុងបន្តការសិក្សា នៅកម្ពុជានាពេលនេះ។
ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមកគឺកម្ពុជា មានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើតក៏មានបទពិសោធន៍ សម្រាប់ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើងផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យទទួលបាននូវផលប្រយោជន៍រួមផង និងទាំងសងខាងផង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្តីរីករាយដោយមានសិស្សទីម័រខាងកើតជាច្រើន បានមកសិក្សានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើន មកសិក្សានៅកម្ពុជា ទីមួយគឺការចែករំលែកនូវចំណេះដឹង រវាងនិស្សិត និងនិស្សិតទីពីរ គឺដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង៕