សណ្ឋាគារផ្កាយ៥ Great Duke អតីតសណ្ឋាគារ Inter-Continental ត្រូវបិទទ្វារដោយសារបញ្ហាសេដ្ឋកិច្ច នឹងធ្វើឲ្យបុគ្គលិកជាច្រើនអត់ការងារ
ភ្នំពេញ ៖ សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះ បានប្រកាសបិទទ្វារ ឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ដោយសារមូលហេតុសេដ្ឋកិច្ច អតីតសណ្ឋាគារInter-Continental Hotel បច្ចុប្បន្ន សណ្ឋាគារ Great Duke ត្រូវបានបិទទ្វារដែលធ្វើឲ្យ បុគ្គលិកជាច្រើនក្នុងសណ្ឋាគារនេះ នឹងអត់ការងារមួយរយៈ ។
លោក ពុយ គា អ្នកសារព័ត៌មានដ៏ល្បីល្បាញ នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន ក៏បានបង្ហាញនូវការសោកស្តាយចំពោះការបិទទ្វារ របស់អតីតសណ្ឋាគារ Inter-Continental Hotel នេះ ខណៈសណ្ឋាគារមួយនេះ ។
លោក ពុយ គា បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ខែធ្នូនេះថា “គួរឲ្យស្ដាយ សណ្ឋាគារផ្កាយ៥នៅភ្នំពេញ (Inter-continental Hotel) ដែលធ្លាប់ទទួលមេដឹកនាំធំៗ អស់រយៈពេល២៣ឆ្នាំកន្លងមកនេះ ទីបំផុតត្រូវបានបាត់ឈ្មោះ និងបិទទ្វារទៅហើយ។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា”។
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ The Great Duke Phnom Penh នៅថ្ងៃចន្ទផងដែរថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កាយ៥ ដែលមានអាយុជាង២ទសវត្សរ៍នេះបិទទ្វារ គឺដោយសារបញ្ហាសេដ្ឋកិច្ច។
សេចក្តីជូនដំណឹងបានលើកឡើងថា ”ជូនចំពោះបុគ្គលិកទាំងអស់។ អាស្រ័យដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយ សូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅបុគ្គលិកទាំងអស់ ត្រូវបានស្នើឲ្យសម្រាកមិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀត សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការបិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន”។
សូមជម្រាបថា អតីតសណ្ឋាគារ Inter-Continental Hotel ដែលប្តូរមកជា The Great Duke Phnom Penh មានបន្ទប់ចំនួន៣៤៦បន្ទប់ ជាកន្លែងសម្រាប់ធ្វើពិធីជប់លៀង លំហែកាយ និងបន្ទប់សម្រាប់ជួលធ្វើពិធីធំៗ។
សូមបញ្ជាក់ថា បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជា នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យអ្នកគ្រប់គ្រង បើកប្រាក់ឈ្នួលឲ្យពួកគាត់ និងទាមទារ ឲ្យសណ្ឋាគារ ជូនដំណឹងដល់ពួកគាត់ផង បើសិនជាមានការយឺតយ៉ាវរឿងប្រាក់ខែ៕