ម្ចាស់សំណង់កម្ពស់៦ជាន់ ត្រូវតុលាការចេញដីកាឃុំខ្លួនហើយ
កែប ៖ ម្ចាស់សំណង់អគារកម្ពស់៦ជាន់ ២នាក់ប្តីប្រពន្ធ ដែលបានបាក់ស្រុត បណ្តាលឲ្យមានកម្មករស្លាប់ និងរងរបួសជាច្រើន ត្ត្រូវបានតុលាការខេត្តកែបឃុំខ្លួនហើយ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ការឃាត់ខ្លួនម្ចាស់សំណង់អគារខាងលើ ដោយអនុវត្តតាមបទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្រមសម្រួលដោយព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកែប។
លោកស្នងការខេត្តមានប្រសាសន៍បន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នម្ចាស់សំណង់៦ជាន់ ដែលបាក់ស្រុតខាងលើ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ហើយតុលាការបានចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន។
រដ្ឋបាលខេត្តកែបបានឲ្យដឹងថា ជនរងគ្រោះ នៃអគារបាក់រលំសរុបចំនួន៥៩នាក់ ក្នុងនោះបាត់បង់ជីវិតមានចំនួន៣៦នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗដល់ជនរងគ្រោះ និងអ្នករងរបួស នៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀល សម្រាប់ពិធីបុណ្យសព និងអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ៕