ទើបនឹងរៀបចំគម្រោងប្លន់ដោយអាវុធអាកា ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបុរសម្នាក់
ព្រៃវែង៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញ នគរបាលខេត្តព្រៃវែង ការិយាល័យបច្ចេកទេសខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ អធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរៀបចំគម្រោងប្លន់។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទAK៤៧ ស្វាយបត់០១ដើម អោយទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគំរោងប្លន់នៅស្រុកស្វាយអន្ទរ។
ដកហូតវត្ថុតាង៖ អាវុធ អាកាស្វាយបត់១ដើម កាត់កាណុងបង់១គ្រាប់អាកាចំនួន៧គ្រាប់។ បច្ចុប្បន្នជនសង្ស័យ យកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕