លោកពេជ្រ ស្រស់ សរសេរលិខិតមួយច្បាប់ជូន លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីអន្តរាគមន៍ឲ្យមានការអនុវត្តច្បាប់ ក្នុងប្រព័ន្ធតុលាការ
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី២០មករានេះថា “ជុំវិញករណីយុវតី៤រូប ជាក្រុមជនប្រើហិង្សាមកលើយុវតី១រូប ដោយបញ្ចប់រឿងត្រឹមបង់លុយ គឺខ្ញុំបានបំពេញសិទ្ធិចុងក្រោយរបស់ខ្ញុំរួចរាល់ហើយ ដោយខ្ញុំបានសរសេរលិខិតមួយច្បាប់ជូន លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីអន្តរាគមន៍ឲ្យមានការអនុវត្តច្បាប់ ក្នុងប្រព័ន្ធតុលាការ ហើយលទ្ធផលយ៉ាងណានោះ គឺ ជាភារកិច្ចរបស់អ្នកអនុវត្តច្បាប់ “។
បើតាមលិខិតរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលផ្ញើជូនលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២០មករានេះ បានបញ្ជាក់ក្នុងកម្មវត្ថុថា ជំរុញការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញទៅលើយុវតី ៤រូប ដែលបានប្រព្រឹត្តបទល្មើសប្រើហិង្សាទៅលើយុវតីឈ្មោះ ស៊ុន កែវមរកត កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ ។
យោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមកម្មវត្ថុ និងយោងខាងលើនេះលោកពេជ្រ ស្រស់ សូមជម្រាបជូន លោករដ្ឋមន្រ្តី ជ្រាបថា៖ មានយុវតីបួនរូប ដែលបានប្រព្រឹត្តបទល្មើសប្រើអំពើហិង្សាលើយុវតីឈ្មោះ ស៊ុន កែវមរកត មានអាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី៨ សាលារៀនផ្សារដើមថ្កូវកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ហើយករណីនេះត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលជាការឆ្លុះបញ្ចាំងអំពីការកើតឡើងនូវនិទណ្ឌភាពច្បាប់ ហើយក៏ជះនូវឥទ្ធិ
ពលអាក្រក់ដល់សង្គមជាតិទាំងមូល និងបង្កើតឲ្យមានក្មេងទំនើងកាន់តែច្រើនឡើង ដោយសារអ្នកអនុវត្ត
ច្បាប់មិនចាត់ការទៅលើជនល្មើស ម្យ៉ាងវិញទៀតការសម្រួលរឿងក្តីក្រៅក្របខ័ណ្ឌច្បាប់តាមរយៈបង់លុយ
បញ្ចប់រឿងយ៉ាងដូច្នេះ នឹងធ្វើឲ្យកើតមានឡើងវប្បធម៌ “បង់លុយ” ជាហេតុធ្វើឲ្យយុវជនដទៃទៀតយក
គំរូតាម ព្រមទាំងធ្វើឲ្យយុវជនរងគ្រោះបន្តទៅទៀត នៅថ្ងៃអនាគត និងសង្គមជាតិធ្លាក់ចុះនូវសីលធម៌
ហើយអំពើហិង្សានឹងបន្តកើតមានឡើង នៅពាសពេញផ្ទៃប្រទេសកម្ពុជា។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និង
ជំរុញឲ្យមានការគោរពច្បាប់ គឺស្ថាប័នតុលាការគួរតែអនុវត្តច្បាប់ឲ្យបានស្មើភាព និងឲ្យបានតឹងរ៉ឹងបំផុត
លើជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយច្បាប់។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា “ក្នុងន័យនេះ សូម ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនចាត់ការទៅលើយុវតី ៥ រូប ដែលបានប្រព្រឹត្តបទល្មើសប្រើហិង្សាលើយុវតីឈ្មោះ ស៊ុន កែវមរកត ដើម្បី
ពង្រឹងការអនុវត្តច្បាប់ស្មើភាព តម្លាភាព និងយុត្តិធម៌ ព្រមទាំងទប់ស្កាត់បទល្មើសនានានៅថ្ងៃខាងមុខផងដែរ ហើយជាពិសេស គឺតម្រង់ទិសដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងការគោរពច្បាប់ នៃប្រទេស
កម្ពុជារបស់យើងឲ្យបានខ្ជាប់ខ្លួនបំផុត គឺដើម្បីធានាបានរបៀបរៀបរយនៅក្នុងសង្គមជាតិខ្មែរទាំងមូល” ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី១៩មករានេះថា យុវតី៤រូប នឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន យ៉ាងហោចណាស់ក៏២ខែដែរ បើសិនជាខាងព្រះរាជអាជ្ញាមានឆន្ទៈអនុវត្តច្បាប់ឲ្យ ស្មើភាព យុត្តិធម៌ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។
សូមអានក្រមនីតិវិធីព្រហ្មទណ្ឌតទៅ ៖ មាត្រា២១៤ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ក្នុងបទមជ្ឈិមទាក់ទង និងអនីតិជន
មានអាយុចាប់ពី ១៤ឆ្នាំ ដល់ ក្រោម១៨ ឆ្នាំ ចំពោះអនីតិជនអាយុចាប់ពី១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និងត្រូវចោទប្រកាន់ពីបទមជ្ឈិមថិរវេលាឃុំខ្លួនបណ្តោះអាសន្នមានដូចតទៅ ៖ ១-ការឃុំខ្លួនបណ្តោះអាសន្ន គឺមិន អាចលើសពី២ខែបានទេកាលណាអនីតិជនមានអាយុតិចជាង១៦ឆ្នាំ ២-ការឃុំខ្លួនបណ្តោះអាសន្នគឺមិនអាចលើសពី៤ខែបានទេ កាលណាអនីតិជនមានអាយុចាប់ពី ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ថិរវេលាការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី ១ និងចំណុចទី២ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាល នៃអប្បបរមា នៃទោស ដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ។
លោក ពេជ្រ ស្រស់ បន្តថា នៅព្រឹកថ្ងៃនេះ ខ្ញុំនឹងផ្ញើលិខិតមួយជូន រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង តម្លាភាព និង យុត្តិធម៌ គឺដើម្បីធានាបាននូវសង្គមស្អាតស្អំ ហើយខ្ញុំនឹងមិនផ្ញើលិខិតជូនទៅព្រះរាជអាជ្ញានោះទេ ដោយសារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានសិទ្ធិប្តឹងអន្តរាគមន៍ដើម្បីព្រះរាជអាជ្ញាអនុវត្តនីតិវិធីច្បាប់៕