វីរុសប្រភេទថ្មី រីករាលដាលទូទាំងប្រទេសចិន សម្លាប់មនុស្ស ៤នាក់
សារព័ត៌មានChannelnewsasiaនៅថ្ងៃទី២១ខែមករានេះ បានផ្សាយថា វីរុសដ៏អាថ៌កំបាំងបានផ្ទុះរាលដាលទូទាំងប្រទេសចិន និងបានរាលដាលទៅកាន់ប្រទេសចំនួន ៣ផ្សេងទៀតក្នុងតំបន់អាស៊ី។ អ្នកជំនាញរដ្ឋាភិបាលចិននិយាយថា វាគឺជាវីរុសដែលឆ្លងពីមនុស្សទៅកាន់មនុស្ស ខណៈដែលអង្គការសុខភាពពិភពលោក ប្រកាសថា នឹងធ្វើកិច្ចប្រជុំបន្ទាន់នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាវីរុសដូចជំងឺសានេះ។
នៅថ្ងៃទី ២១ ខែមករានេះ អាជ្ញាធរសុខាភិបាលចិនបានធ្វើការាយការណ៍ថា មានមនុស្ស ៤នាក់ហើយដែលបានស្លាប់ដោយសារតែវីរុសនោះ។
ប្រភេទវីរុសចម្លងថ្មីនេះ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុង Wuhan បង្កឲ្យមានការព្រួយបារម្ភខ្លាំង ដោយសារតែវាជាវីរុសឆ្លងដូចជំងឺសា (SARS) ដែលបានសម្លាប់មនុស្សចំនួន ៦៥០នាក់ទូទាំងប្រទេសចិន និងហុងកុង កាលពីឆ្នាំ ២០០២ និង ២០០៣។
ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មីបានកើនឡើងដល់ ២១៨នាក់ហើយ។ ទីក្រុងប៉េកាំង និងសៀងហៃ បញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីនេះកាលពីថ្ងៃចន្ទ ខណៈដែលមនុស្សជាច្រើនបានឆ្លងនៅក្នុងខេត្តក្វាងទុង និងមានចំនួន ១៣៦ករណីត្រូវបានគេរកឃើញកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងទីក្រុង Wuhan។ នេះបើតាមការចេញផ្សាយរបស់ CCTV។
ការផ្ទុះនៃវីរុសដ៏អាថ៌កំបាំងនេះកំពុងធ្វើឲ្យអ្នកជំនាញវេជ្ជសាស្រ្ត នៅតែពិបាកយល់យ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្រោយពេលមានការផ្ទុះរីរុសដ៏អាថ៌កំបាំងនេះ ប្រទេសជាច្រើនបានធ្វើការរឹតបន្តឹងការត្រួតពិនិត្យលើអ្នកដំណើរយន្តហោះ ដែលមកពីទីក្រុង Wuhan៕