ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះសីហនុ មានគម្រោងបង្កើតតំបន់ប្រមូលផ្តុំ តំបន់អភិវឌ្ឍន៍ មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ

171

 

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងបង្កើតតំបន់ប្រមូលផ្តុំ នៃតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ នៅក្នុងទឹកដីក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញការគាំទ្រនិងបានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ សំឡឹងមើលទីតាំងដើម្បីរៀបចំប្រមូលផ្តុំ មណ្ឌលកម្សាន្តនៅតំបន់ណាមួយ និងត្រូវចុះស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដើម្បីដំណើរការគម្រោងនេះនៅពេលខាងមុខ។
លោក អភិបាល យល់ឃើញថា ការប្រមូលមណ្ឌលកម្សាន្តដាក់ម្តុំ នឹងធ្វើឲ្យមានការងាយស្រួលក្នុងការពារសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពនិងហានិភ័យនានាផងដែរ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និយាយថា៖ គម្រោងប្រមូលផ្តុំមណ្ឌលកម្សាន្ត​ទេសចរណ៍ សម្រាប់មនុស្សពេញវ័យនេះ និងមានរៀបចំហេដ្ឋារចនាសម្ពន្ធ័ទឹក ភ្លើង ផ្លូវ ប្រពន្ធ័ការពារអគ្គីភ័យ សុខាភិបាល សន្តិសុខ និងសេវាជាច្រើនទៀត ដើម្បីបង្កើតទៅជាតំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញ។
លោកប្រធានមន្ទីរទេសចរណ៍បន្តថា ពេលនេះបានមើលឃើញ តំបន់អាទិភាពទី១ហើយ។ ទីតាំងនោះជាដីកម្មសិទ្ធឯកជន ហើយមន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដីនឹងជជែកគ្នា ជាមួយម្ចាស់ដីស្តីពីគម្រោងនេះ។
ប្រសិនជាម្ចាស់ដីទាំងនោះ គាត់គាំទ្រនិងចូលរួមលើគម្រោងនេះ មន្ទីរទេសចរណ៍និងរដ្ឋបាលខេត្ត នឹងចាប់ផ្តើមអនុវត្តផែនការនេះ ទៅតាមអ្វីដែលបានគ្រោង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តតំបន់សេដ្ឋកិច្ច និងជាតំបន់ឧស្សាហកម្មពិសេស គំរូពហុបំណងរបស់កម្ពុជា។
ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ខេត្តព្រះសីហនុ គឺត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមប៉ូលអាទិភាពទាំងបួន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តតំបន់ឆ្នេរសមុទ្រ និងខេត្តភូមិភាគឦសាន និងបានប្រសិទ្ធនាម “តារារះនាទិសនិរតី”។
ឆ្លើយតបទៅនឹងចក្ខុវិស័យនេះ បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវបានរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ជាពិសេស ដើម្បីស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវគមនាគមន៍ បរិស្ថាន និងតំបន់ទេសចរណ៍ ដើម្បីធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានការទាក់ទាញពហុវិស័យ៕

អត្ថបទដែលជាប់ទាក់ទង