ជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព កំចាត់ជំងឺគ្រុនចាញ់
ភ្នំពេញ៖ ព័ត៌មានទទួលបានពីមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) បានឲ្យដឹងថា លោក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព កំចាត់ជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងគាំទ្រពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
និងបន្ដរក្សាឲ្យបាននូវអត្រាមរណភាពសូន្យខណៈ១២ខែឆ្នាំ២០១៩នេះ គ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ៖
លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព
បើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩និង លើកទិសដៅឆ្នាំ២០២០ របស់
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ សុខាភ្នំពេញ ។
លោក រដ្ឋមន្ដ្រី បានបញ្ជាក់ថា ការចូលរួមចំណែក យ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុត ដើម្បីសម្រេចឲ្យបាន នូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២០នេះ។ លោក សាស្ដ្រាចារ្យ បានថ្លែងបន្តទៀតថា អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ គឺពុំមានអ្នកស្លាប់ទេក្នុងរយៈពេល៣ឆ្នាំមុនគោលដៅ។ លោក សាស្ដ្រាចារ្យបានបញ្ជាក់ថា ចំនួនអ្នកឈឺនៅមានចំនួនច្រើនដែលត្រូវផ្តោតការយកចិត្តទុកដាក់ បន្តផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់ ដោយធ្វើតេស្តលើក្រុមប្រជាជន ដែលប្រឈមនៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើននិងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញភ្លាម ។
ឆ្លៀតឱកាសក្នុងការអបអរសាទរ ចំពោះសមិទ្ធផលខាងលើ លោក រដ្ឋមន្ដ្រី
ផ្តល់នូវមតិណែនៃផ្តាំផ្ញើ ក្នុងអង្គសន្និបាតដូចខាងក្រោម៖ ត្រូវតែបន្តប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ឲ្យបានទៀងទាត់ ដើម្បីពិនិត្យស្ថានការណ៍ជំងឺបានទាន់ពេល និងមានវិធានការឆ្លើយតបបន្ទាន់ទើប លុបបំបាត់ជំងឺគ្រុនចាញ់បាន ជាពិសេសប្រភេទគ្រុនចាញ់សន្ធំ (ឬ Plasmodium Falciparum) ដែលត្រូវលុបបំបាត់ឲ្យបាននៅឆ្នាំ២០២០ នេះស្របតាមយុទ្ធសាស្ត្រជាតិ។ អង្គការដៃគូដែលតំណាងឲ្យម្ចាស់ជំនួយ ទីប្រឹក្សាបច្ចេកទេស និងដៃគូរអភិវឌ្ឍន៍ត្រូវតែសម្របសម្រួល និងសហការគ្នាពេញលេញឲ្យអស់លទ្ធភាព ជាមួយមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ ដើម្បីធានាសម្រេចបាននូវសូចនាករលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២០ និង២០២៥។ ត្រូវតែផ្តោតលើប្រជាជនប្រឈមខ្ពស់ ជនចំណាកស្រុក អ្នកចូលព្រៃ ធ្វើយ៉ាងណាផ្តល់មធ្យោបាយការពារបង្ការការចម្លងជំងឺ និងផ្តល់សេវាអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺឲ្យបានឆាប់បំផុតទាន់ពេលវេលា ដើម្បីរារាំងទប់ស្កាត់ការរាលដាលការចម្លងជំងឺ។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងមន្ទីរសុខាភិបាលទាំងអស់ ព្រមទាំងដៃគូសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈនាឆ្នាំ២០១៩កន្លងមក របស់កម្មវិធីជាតិទាំងបីគឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន៕