សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះចែកអំណោយ ជូនប្រជាជន៤៤គ្រួសាររងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះ
ភ្នំពេញ៖នារសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលដឹកនាំការងារនេះដោយ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនិងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យបំផ្លាញផ្ទះចំនួន៤៤គ្រួសារ កាលពីពេលកន្លងទៅ ថ្មីៗនេះក្នុងនោះ២៩គ្រួសារ នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និង១៥គ្រួសារទៀត នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។
មានប្រសាសន៍នាខណៈនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។ លោកនាយកប្រតិបត្តិសាខា ក៏សូមឲ្យបងប្អូនរងគ្រោះទាំងអស់មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។
អំណោយមនុស្សធម៌ដែលបានចែកជូននាឱកាសនោះដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី៣កេស ត្រីខ១យួរ ទឹកត្រី២យួរ ទឹកសុទ្ធ១កេស តង់១ ទឹកដោះគោ៥កំប៉ុង ស្ករស២គីឡូក្រាម តែ៥កញ្ចប់ ទឹកផ្លែឈេី៥កំប៉ុង អាវយឺត៥ និងថវិកាចំនួន៦មុឺនរៀល ៕