ពុំមានករណីភ្ញៀវទេសចរជប៉ុនស្លាប់ដោយសារជំងឺ Covid 19 នៅក្នុងបរិវេណប្រាសាទអង្គរវត្ត នោះទេ
សៀមរាប៖ បន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានថា មានស្រ្តីម្នាក់ដែលគេសែងនៅចេញពីប្រាសាទអង្គរកើតជំងឺកូរ៉ូណានោះ នៅថ្ងៃទី២៩ខែកុម្ភៈ ក្រុមការងារយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប សូមធ្វើការបដិសេធថា ពុំមានករណីភ្ញៀវទេសចរជប៉ុនស្លាប់ដោយសារជំងឺ Covid 19 នៅក្នុងបរិវេណប្រាសាទអង្គរវត្ត នោះទេ។
សូមជម្រាបថា ក្នុងថ្ងៃទី២៩ខែកុម្ភៈនេះ មានគណនីហ្វេសប៊ុកដែលមានសញ្ញាខ្វែងខាងក្រោមនេះ បានចុះផ្សាយថា “ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់បានស្លាប់ដោយ Covid19 នៅប្រាសាទអង្គរវត្តប៉ុន្មាននាទីមុននេះ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០” គឺជាករណីមិនពិត ដោយប្រើរូបភាពចាស់តែប៉ុណ្ណោះ។
រូបភាពនៃករណីនេះ គឺជាហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់ និងត្រូវបានបញ្ជូនទៅព្យាបាលតាមរថយន្តពេទ្យ Royal Angkorភ្លាមៗ ដោយមិនមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះឡើយ។
ក្នុងនាមក្រុមការងារ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប សូមស្នើដល់ម្ចាស់គេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពចែកចាយ និងផ្សព្វផ្សាយនូវព័ត៌មានផ្ទុយពីការពិត ដែលនាំមកនូវការខាតបង់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ បាត់បង់កិត្តិយសជាតិ រួមនឹងបង្កឲ្យមានសតិអារម្មណ៍ដល់ភ្ញៀវទេសចរ និងប្រជាជាតិខ្មែរយើង។
រដ្ឋបាលខេត្ត សូមច្រានចោលចំពោះការផ្សព្វផ្សាយលើគណនី Sdam Husen តាមពិតស្រ្តីដែលគេសែងដោយសារគាត់ខ្យល់គ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានការពារបេតិកភណ្ឌ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារដូចខាងក្រោម៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង៣និង៤០នាទី រសៀល កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គ បានជួយសង្គ្រោះដល់ភ្ញៀវជនជាតិជប៉ុនម្នាក់ ឈ្មោះ GOTO SACHiE ភេទស្រី អាយុ ៧២ឆ្នាំ បានកើតខ្យល់គរ បណ្តាលឲ្យដើរមិនរួម នៅចំណុចមុខព្រះរយព្រះពាន់ភ្លាមៗ នោះកម្លាំងប៉ុស្តិ៍ការពារទី១ (ប្រាសាទអង្គរវត្ត)បានហៅរថយន្ត របស់មន្ទីរពេទ្យដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ៕