នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណី ម្ចាស់គណនីហ្វេសប៊ុក Kang Por Chhay សរសេរបង្ហោះព័ត៌មានបំភ្លៃការពិត
កំពង់ស្ពឺ ៖ ម្ចាស់គណនីហ្វេសប៊ុក Kang Por Chhay ត្រូវសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ និងសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅថ្ងៃទី01_03_2020។
កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុក Kang Por Chhay និងត្រូវបានគេស្គាល់ថាមានឈ្មោះ កាំង ប៉ោឆាយ មុខរបរ លក់ទូរស័ព្ទដៃ និងជាអ្នកថតរូបដ៏មានទេពកោសល្សម្នាក់ ជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកដ៏ល្បីមួយរូបប្រចាំខេត្ដកំពង់ស្ពឺ ត្រូវ បានសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវនិងអញ្ញេីញទៅសាកសួរ នៅការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធករណីសរសេរសារ បង្ហោះនូវព័ត៌មានមិនពិត។
ក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ និងបានការឯកភាពពីលោកស្រី ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ បានបញ្ជាឲ្យកំលាំងនគរបាលផែនការងារសន្ដិសុខ ធ្វើការ ស្រាវជ្រាវនិងអញ្ញេីញម្ចាស់គណនីហ្វេសប៊ុក Kang Por Chhay ដែលបានធ្វេីការសរសេរសារបង្ហោះនូវព័ត៌មាន « បិទរោងចក្រ កម្មករគ្មានការងារធ្វេី ចោរកម្មកេីនឡេីង ជាមតិមួយ ត្រឹមត្រូវឬទេ អរគុណ សន្ដិភាព , គាស់សាហាវ/ ប្លន់សាហាវ អាចនិងមានប័ណ្ណសរសេីរទៀត » ជាក់ស្ដែង បុរសម្នាក់ឈ្មោះ កាំង ប៉ោឆាយ បានឆ្លេីយទទួលស្គាល់ថាខ្លួនពិតជាម្ចាស់ គណនីហ្វេសប៊ុក Kang Por Chhayនិងបានសរសេរនូវព័ត៌មាននេះបង្ហោះក្នុងគោលបំណងដេីម្បីអោយសាធារណៈជនមានការយល់ច្រឡំ ព្រោះខ្លួនមេីលតាមហ្វេសប៊ុក មួយចំនួនដែលបានបង្ហោះនូវព័ត៌មាន ពីក្រៅប្រទេសមក(ក្រុមអគតិ)។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនិតិវិធី ។
សំណូមពរ : សមត្ថកិច្ចស្នេីសុំដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាកុំធ្វេីការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលធ្វេីឲ្យមានការភាន់ច្រឡំពីបងប្អូនប្រជាពលរដ្ឋនិងប៉ះពាល់ផ្លូវច្បាប់ ៕