ទូតខ្មែរនៅថៃ អំពាវនាវពលរដ្ឋខ្មែរ ធ្វើការនៅថៃ៖ បើមិនចាំបាច់ កុំធ្វើដំណើរមកស្រុកកំណើត ពេលចូលឆ្នាំថ្មី
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិត ពលករ អាជីវករ ដែលកំពុងស្នាក់នៅប្រទេសថៃ ដែលបច្ចុប្បន្ននេះជំងឺកូវីដ១៩ បាននិងកំពុងរីករាលដាលទៅកាន់ប្រទេស និងដែនដីចំនួន១៥២ ទូទាំង ពិភពលោក។ ស្ថានទូតប្រកាសថា “បើអាចមិនមានភាពចាំបាច់ កុំធ្វើដំណើរមកស្រុកនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ “។
យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយ នៅថ្ងៃទី១៦ មីនា បានលើកឡើងថា ស្ថានទូតមានកិត្តិយសជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅសិក្សានឹងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលទៅកាន់ប្រទេស នឹងដែនដីចំនួន១៥២ទូទាំងពិភពលោក ។ គិតត្រឹមថ្ងៃទី១៦ មីនា ឆ្នាំ២០២០ នៅ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ និងប្រទេសថៃ មានចំនួនអ្នកឆ្លងចំនួន១៤៧នាក់ផងដែរ ។
កន្លងមក ស្ថានទូតធ្លាប់បានជម្រាបជូនដំណឹង ដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋាភិបាលថៃ បានប្រកាស ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ជាពិសេសស្ថានទូត បានផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ។
“ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ សូមបងប្អូនពលករ សិស្ស និស្សិត នឹងអាជីវករ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅក្នុងប្រទេសថៃ មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះ បើមិនមានភាពចាំបាច់ សូមមេត្តាចៀសវាង ការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។ ទន្ទឹមនឹងនេះដែរ បងប្អូនពលរដ្ឋខ្មែរ ដែលមានបំណងចូលមកប្រទេសថៃ សូមមេត្តាតាមដានព័ត៌មាន ស្តីពីវិធានការនានា របស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ និងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ” ស្ថានទូតកម្ពុជាបញ្ជាក់បន្ថែមដូច្នេះ។
ប្រសិនបើបងប្អូនពលរដ្ឋខ្មែរ នៅប្រទេសថៃ មានរោគសញ្ញាផ្លូវដង្ហើម ដូចជា ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំង សូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ៕