ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកកម្ពស់​គណនេយ្យភាព​សង្គម​ ​ក្នុង​ការផ្តល់​សេវា សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​

121

​ភ្នំពេញ ៖ ធនាគា​ពិភពលោក​បានអនុម័ត​ជំនួយឥតសំណង​ចំនួន​ពីរ​កញ្ចប់​បំពេញ​បន្ថែមទៀត នៅថ្ងៃនេះ សម្រាប់​គាំទ្រ​ដល់​គណនេយ្យភាព​សង្គម​នៅតាម​ផ្នែក​សេវាសាធារណៈ​សំខាន់ៗ​មួយចំនួន មានដូចជា មណ្ឌល​សុខភាព សាលាបឋមសិក្សា និង​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ខេត្ត​ចំនួន​១០ នៃ​ប្រទេស​កម្ពុជា​។ នេះ​តាម​ប្រកាស​ព័ត៌មាន របស់​ធនាគា​ពិភពលោក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ។​

​បើទុកជា​មានការ​កែលម្អ​បាន​ប្រសើរឡើង​ច្រើន​គួរសម​ហើយ​ក្តី​នូវ​លទ្ធភាព​ទទួលបាន​សេវាសាធារណៈ​នានា​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ គុណភាព​របស់​សេវា​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​នៅឡើយ​។ ការផ្តល់​មតិ​ដោយផ្ទាល់​ពី​សំណាក់​អ្នកប្រើប្រាស់​ដែល​បាន​ជ្រាប​អំពី​សេវា​ទាំងនេះ ជាពិសេស​ពី​សំណាក់​ពលរដ្ឋ​ទូទៅ​តែម្តង គឺជា​កត្តា​សំខាន់​មួយ​ជំរុញ​ឱ្យ​សេវាសាធារណៈ​នានា​ទទួលបាន​ការកែលម្អ​គុណភាព​កាន់តែ​ប្រសើរឡើង នៅ​ជុំវិញ​ពិភពលោក​។​

​កញ្ចប់​ជំនួយឥតសំណង​ទីមួយ មាន​ទឹកប្រាក់​ចំនួន ៥,៩៥​លាន​ដុល្លារ​អាមេរិក ត្រូវ​បានអនុម័ត​ផ្តល់ទៅឱ្យ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ (World Vision International) សម្រាប់ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​ផ្នែក​គណនេយ្យភាព​សង្គម រួមមាន ការជ្រើសរើស​អ្នកសម្របសម្រួល​សហគម​ន៍ សម្រាប់​ជួយ​ជំរាបជូន​ប្រជាពលរដ្ឋ​អំពី​សេវា​នានា​ដែល​ពួកគាត់​មាន​សិទ្ធិ​ទទួលបាន និង​អំពី​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​។ អ្នកសម្របសម្រួល​នឹង​រៀបចំ​ធ្វើ​នូវ​តារាង​ពិន្ទុ​សម្រាប់​ពលរដ្ឋ​ធ្វើការ​វាយតម្លៃ​គុណភាព​របស់​សេវាសាធារណៈ និង​ផ្តល់​ការឯកភាព​គ្នា​នៅលើ​ផែនការ​សកម្មភាព​រួម​មួយចំនួន​ជាមួយ​អ្នកផ្តល់​សេវា សម្រាប់​កែលម្អ​គុណភាព​របស់​សេវា​បន្តទៀត​។​

​កញ្ចប់​ជំនួយឥតសំណង​ទី​ពីរ មាន​ទឹកប្រាក់​ចំនួន ១,៧២​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ផ្តល់ជូន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ជួយ​ពង្រឹងសមត្ថភាព​របស់​អ្នកផ្តល់​សេវា​រដ្ឋាភិបាល នៅក្នុង​ការជូន​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការបំពេញ​មុខងារ និង​ការប្រើប្រាស់​មូលនិធិ​ដោយ​គណៈកម្មាធិការ​នេះ និង​ក្នុងការ​ឆ្លើយតប​ឱ្យបាន​កាន់តែ​ល្អ​ឡើងទៅ​នឹង​មតិយោបល់​របស់​ពលរ​ដ្ឋ​។​

​លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ការពង្រឹង​ការចូលរួម​របស់​ពល​រដ្ឋ គឺជា​ចំណុច​ផ្តោត​យកចិត្តទុកដាក់​មួយ​នៅក្នុង​ចំណោម​ផ្នែក​សំខាន់ៗ​នានា​នៅក្នុង​ឯកសារ​ក្របខណ្ឌ​ភាពជា​ដៃគូ​របស់​ធនាគារពិភពលោក ប្រចាំ​នៅ​ប្រ​ទស​កម្ពុជា​។ ធនាគារពិភពលោក​បាន​ចាត់ទុក​ក្របខណ្ឌ​គណនេយ្យភាព​សង្គម​រប​ស់​រដ្ឋាភិបាល​ថា​ជា​កិច្ចខិតខំ​ទូទៅ​ដ៏​សំខាន់​មួយ សម្រាប់​បំពេញ​ទៅលើ​ការវិនិយោគ​ក្នុង​វិស័យ​អប់រំ​, សុខាភិបាល​, ការផ្គត់ផ្គង់​ទឹកស្អាត និង​សេវា​ដទៃទៀត តាមរយៈ​អភិក្រម​ជា​លក្ខណៈ​ប្រព័ន្ធ​និង​ប្រកបដោយ​ចីរភាព ដើម្បី​ប្រមែប្រមូល​ពលរដ្ឋ​ឱ្យ​ចូលរួម​ពាក់ព័ន្ធ និង​ពង្រឹងសមត្ថភាព​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ សំដៅ​ធ្វើយ៉ាងណា​តម្រូវឱ្យ​អ្នកផ្តល់​សេវា​មាន​គណនេយ្យភាព​នៅក្នុង​ការបំពេញ​មុខងារ​រ​បស់​ខ្លួន​។​»

​ជំនួយឥតសំណង​ទាំងពីរ​កញ្ចប់​នេះ មាន​គោលបំណង​ទ្រទ្រង់​ដល់​ការអនុវត្ត​ដំណាក់កាល​ទី​ពីរ នៃ​គម្រោង​ក្របខណ្ឌ​គណនេយ្យភាព​សង្គម ដែលមាន​អាយុ​កាលពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣​។ ក្របខណ្ឌ​នេះ គឺជា​ផ្នែក​ស្នូល​មួយ​ខ្វះ​មិនបាន​នៅក្នុង​កម្មវិធី​កែទម្រង់​វិមជ្ឈការ​របស់​រដ្ឋាភិបាល ដែល​សំដៅ​ពង្រឹង​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ គម្រោង​នេះ ជា​គំនិត​ផ្តួចផ្តើម​រួម​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល ហើយ​ស្ថិតក្រោម​ការចាត់ចែងរ​បស់​គណៈកម្មាធិការ​ដឹក​នាំ​ភាពជា​ដៃគូ (Partnership Steering Committee/PSC) ដែលមាន​ក្រសួងមហាផ្ទៃ និង​តំណាង​របស់​អង្គការក្រៅរដ្ឋាភិបាល ជា​សហប្រធាន​។ គណៈកម្មាធិការ​នេះ​មាន​សមាសភាព​សមាជិក​រវាង​តំណាង​មកពី​ក្រសួង​នានា​នៃ​រដ្ឋាភិបាល — មាន​ក្រសួងមហាផ្ទៃ​, អប់រំ យុវជន និង​កីឡា​, សុខាភិបាល​, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧស្សាហកម្ម និង​សិប្បកម្ម​, និង សាធារណការ​និង​ដឹកជញ្ជូន — និង​តំណាង​សង្គម​ស៊ីវិល​។​

​ឯកឧត្តម ង៉ាន ចំរើន រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នៃ​លេខាធិការដ្ឋាន​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ មានប្រសាសន៍ថា​៖ «​រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​ក្របខណ្ឌ​គណនេយ្យភាព ISAF នេះ ដើម្បី​ពង្រឹង​សិទ្ធិអំណាច​ដល់​ពលរដ្ឋ ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​ពលរដ្ឋ និង​ពង្រីក​គណនេយ្យភាព​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ទាំងនោះ​ឱ្យ​កែលម្អ​ការផ្តល់​សេវាសាធារណៈ បាន​កាន់​តែមាន​ប្រសិទ្ធភាព​។​» ឯកឧត្តម​ពោល​បន្ថែមទៀតថា​៖ «​ការពង្រីក​វិសាលភាព​គ្រប់​ដណ្តប់​របស់ ISAF នឹង​កាន់តែ​បង្កើន​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​កាន់​តែមាន​គណនេយ្យភាព និង​ក្នុងការ​ឆ្លើយតប​ទៅតាម​ការវិវត្តន៍​ប្រែប្រួល​នូវ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ និង​វិស័យ​ឯកជន នាពេល​អនាគត​។​»
​គម្រោង​នានា​នៅក្រោម​ភាពជា​ដៃគូ​នេះ មាន​វិសាលភាព​គ្របដណ្តប់​លើ​អ្នកផ្តល់​សេវាសាធារណៈ ដែល​រួមមាន សាលារៀន​និង​មណ្ឌល​សុខភាព​, ឃុំ សង្កាត់​, ស្រុក និង​រដ្ឋបាល​ក្រុង នៅក្នុង​ខេត្ត​ចំនួន​១០ គឺ​ខេត្តបន្ទាយមានជ័យ​, សៀមរាប​, ព្រះវិហារ​, កំពង់ធំ​, កំពង់ឆ្នាំង​, កណ្តាល​, ព្រៃវែង​, ស្វាយរៀង​, កែប​, និង​ព្រះសីហនុ​។​

​លោក ដា​នី​ញែ​ល សែ​ល​វ៉ា​ណា​យ៉ា​ហ្កា​ម នាយក​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖ «​ផ្អែកលើ​បទពិសោធន៍ និង​សមិទ្ធផល​ដែល​យើង​សម្រេចបាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ខ្ញុំ​ជឿជាក់ថា ជំនួយ​ថ្មី​នេះ​នឹង​កាន់តែ​ពង្រឹង​បាន​ថែមទៀត​នូវ​ការឆ្លើយតប​របស់​សេវាសាធារណៈ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់​សេវា​។ លោក​ពោល​បន្ថែមទៀតថា​៖ «​ក្របខណ្ឌ​គណនេយ្យភាព​សង្គម​នេះ គឺជា​យុគសម័យ​ថ្មី​មួយ​នៃ​ការផ្តល់​សេវាសាធារណៈ ដែល​អម​មកជា​មួយ​នូវ​ការលើកកម្ពស់​ឱ្យមាន​កិច្ចសន្ទនា​បែប​ស្ថាបនា​នៅតាម​ថ្នាក់មូលដ្ឋាន ដើម្បី​ធ្វើឱ្យមាន​ការប្រែប្រួល​យូរអង្វែង​នៅក្នុង​ការផ្តល់​សេវាសាធារណៈ ជាពិសេស​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ​។​»

​ជំនួយឥតសំណង​ទាំងពីរ​កញ្ចប់​នេះ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ធនាគារពិភពលោក និង​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដោយ​មូលនិធិ​មរតក​សម្រាប់​គណនេយ្យ​ភាព​សង្គម និង​ការផ្តល់សេវា​នៅ​កម្ពុជា (Cambodia Social Accountability and Service Delivery Trust Fund) ក្រោម​ការឧបត្ថម្ភ​រប​ស់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វ៊ី​ស​៕

អត្ថបទដែលជាប់ទាក់ទង