ឃាត់ខ្លួនកូននេនចំនួន៤អង្គ និងមេខ្លោងម្នាក់ លួចជក់គ្រឿងញៀន
កំពត : សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ៤ អង្គ ពីបទប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីប្រើប្រាស់សារធាតុញៀន ២ករណីដែលមានទីតាំងផ្សេង ក្នុងថ្ងៃតែមួយ ឃាត់ជនសង្ស័យ៥នាក់ ក្នុងនោះមានព្រះសង្ឃ៤អង្គ នៅទីតាំងវត្តដងទង់ថ្មី ក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
នគរបាលមូលដ្ឋាន បានលើកឡើងថា ករណីការចុះបង្ក្រាបលើកទីមួយ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ គឺ១-ឈ្មោះ លី ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាព្រះសង្ឃ ២-ឈ្មោះ សែម វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជាព្រះសង្ឃ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា
៣-ឈ្មោះ សួន សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។ ចំណែកករណីទី២ បង្ក្រាបជនសង្ស័យបាន២នាក់ទៀត នៅចំណុចវត្តក្រាំងស្បូវ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត គឺ១ -ឈ្មោះ កុច ចាន់ពិសិទ្ធិ ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ជាព្រះសង្ឃ ២-ឈ្មោះ មឿន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ជាព្រះសង្ឃ ៕