ខ្លាម៉ាឡេមួយក្បាល នៅសួនសត្វអាមេរិច ឆ្លងវីរុសកូរ៉ូណា
ពូជខ្លាម៉ាឡេមួយក្បាលអាយុ ៤ឆ្នាំ នៅក្នុងសួនសត្វ Bronz Zoo ទីក្រុងញ៉ូវញក សហរដ្ឋអាមេរិច ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណា។ នេះបើតាមការប្រកាសឲ្យដឹងរបស់សួនសត្វកាលពីថ្ងៃអាទិត្យ។
ក្រសួងកសិកម្មអាមេរិចបាននិយាយថា នេះជាលើកដំបូងហើយ ដែលសត្វខ្លាមានផ្ទុកវីរុស។
ខាងសួនសត្វបញ្ជាក់ថា ពួកគេបានចាត់វិធានការការពារយ៉ាងសមស្រប ដើម្បីមើលថែសត្វខ្លាឈ្មោះ Nadia និងកាត់បន្ថយការប៉ះពាល់បន្ថែមទៀត។
អង្គការអភិរក្សសត្វព្រៃ បានឲ្យដឹងថា សត្វខ្លាធំៗចំនួន ៦ផ្សេងទៀត ក៏មានរោគសញ្ញាផងដែរ ហើយខាងមន្ទីរពិសោធន៍កំពុងតែធ្វើតេស្ត។
មន្ត្រីសួនសត្វបាននិយាយថា ខ្លាឈ្មោះ Nadia និងខ្លា ៣ទៀត ព្រមទាំងតោអាហ្វ្រិច ៣កំពុងមានបញ្ហាក្អកស្ងួត ប៉ុន្តែត្រូវគេរំពឹងថានឹងជាសះស្បើយវិញ។
សេចក្តីប្រកាសរបស់សួនសត្វបញ្ជាក់ថា ទោះបីសត្វទាំងនោះមិនសូវស៊ីអាហារ ពួកគេនៅតែមានសុខភាពល្អ និងស្ថិតក្រោមការមើលថែរយ៉ាងល្អ ប្រុងប្រយ័ត្ន និងមានការទំនាក់ទំនងជាមួយនឹងអ្នកមើលថែរ៕