ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩

79

ភ្នំពេញ៖លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩តាមរយៈប្រព័ន្ធវីដេអូ(Video Conference) នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩(COVID-19) តាមរយៈប្រព័ន្ឋវីដេអូ(Video Conference) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០។ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ជាប្រធានកិច្ចប្រជុំទាំងពីរនេះហើយទទួលបាននូវលទ្ធផលដូចតទៅ៖

*កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីជំងឺកូវីដ១៩(COVID-19)

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានបានជួបគ្នាជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូដោយមានការសម្រសម្រួលពីវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០ដើម្បីពិភាក្សាអំពីវិធានការដែលអាស៊ានអាចធ្វើការរួមគ្នាក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ១៩និងផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចក្នុងតំបន់។

ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងស្មារតីនៃសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងភាពឆ្លើយតបតាមរយៈការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍និងឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាលវេជ្ជសាស្រ្តព្រមទាំងការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាតនេះការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ានក៏ដូចជារក្សាឱ្យបាននូវស្ថិរភាពផ្នែកសង្គមសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគក្នុងគោលបំណងពង្រឹងភាពរឹងមាំនិងនិរន្តរភាពនៃសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ជាពិសេសលើការផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈវេជ្ជសាស្ត្រនិងផលិតផលចាំបាច់នានា។ក្នុងបរិការណ៍នេះថ្នាក់ដឹកនាំអាស៊ានក៏បានចាត់ឱ្យរដ្ឋមន្រ្តីនិងឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានស្វះស្វែងរកវិធានការចាំបាច់នានាដើម្បីរក្សាការតភ្ជាប់សង្វាក់ផ្គត់ផ្គង់ការធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់ការដាក់កំហិតដែលមិនចាំបាច់នានាលើលំហូរស្បៀងអាហារសម្ភារៈវេជ្ជសាស្ត្រនិងផលិតផលចាំបាច់នានា។

ថ្នាក់ដឹកនាំអាស៊ានបានគាំទ្រចំពោះការរៀបចំឡើងវិញនូវប្រាក់មូលនិធិនានាដែលមានស្រាប់និងលើកទឹកចិត្ដដល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុពីដៃគូអាស៊ានដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្ដិការប្រឆាំងជំងឺកូវីដ១៩ដោយរួមទាំងសំណើបង្កើតមូលនិធិឆ្លើយតបបន្ទាន់សម្រាប់ជំងឺកូវីដ១៩ដើម្បីដោះស្រាយនូវកង្វះខាតសម្ភារៈវេជ្ជសាស្រ្ដការគាំទ្រលើការស្រាវជ្រាវនិងការអភិវឌ្ឍនៃឱសថនិងវ៉ាក់សាំង  ព្រមទាំងការត្រៀមរៀបចំឆ្លើយតបបន្ទាន់នាពេលអនាគត។ឈរលើស្មារតីនេះថ្នាក់ដឹកនាំអាស៊ានបានស្នើក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន  ត្រួតពិនិត្យមើលលើកិច្ចប្រឹងប្រែងសម្របសម្រួលនានារបស់អាស៊ានដែលឆ្លើយតបទៅនឹងជំងឺកូវីដ១៩និងដោះស្រាយបញ្ហាប្រឈម

ទៅលើស្ថានភាពសង្គមសេដ្ឋកិច្ចនិងរាយការណ៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំអាស៊ានអមជាមួយនឹង

អនុសាសន៍សមស្របផ្សេងៗសម្រាប់ការណែនាំបន្ថែមទៀត។

ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារៈសំខាន់សម្រាប់អាស៊ានក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅរួមមានដៃគូសន្ទនាអាស៊ានអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិនានាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបញ្ឈប់និងគ្រប់គ្រងការឆ្លងជំងឺនេះ។ក្នុងន័យនេះថ្នាក់ដឹកនាំ    អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងនិងការបន្តប្រើប្រាស់យន្តការថ្នាក់តំបន់និងអន្តរជាតិដែលមានស្រាប់ដើម្បីសហការនិងសម្របសម្រួលក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈនេះ។

ក្នុងឱកាសកិច្ចប្រជុំនេះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន  បានគូសបញ្ជាក់អំពីអាទិភាពមួយចំនួនដូចជា៖()គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុបច្ចេកវិទ្យានិងការផ្គត់ផ្គង់បរិក្ខាពេទ្យ()មិនត្រូវអនុវត្តវិធានការឯកតោភាគីដែលអាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែននិងសកម្មភាពសេដ្ឋកិច្ចនានា()គាំទ្រ«វប្បធម៌ចែករំលែក» ដើម្បីជួយកាត់បន្ថយសម្ពាធការចំណាយរបស់រដ្ឋាភិបាល()ជៀសវាងការរើសអើងជាតិសាសន៍ការចោទប្រកាន់និងការស្តីបន្ទោស()ជួយប្រជាជនអាស៊ានដែលបានជាប់គាំងដោយសារវិបត្តិនេះនិង()ពិចារណាតើត្រូវស្តារសេដ្ឋកិច្ចដោយវិធីណានៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់

ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺរាតត្បាតកូវីដ១៩។

*កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីជំងឺកូវីដ១៩(COVID-19)

ថ្នាក់ដឹកនៃបណ្តាប្រទេសអាស៊ានបូកបីបានឯកភាពគ្នាឲ្យមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងនិងវិធានការឆ្លើយតបតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ឯកឧត្តមបណ្ឌឹតតេដរ៉សអាដហាណម

ហ្គេប្រេយេស៊ូស(Tedros Adhanom Ghebreyesus) អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានចូលរួមកិច្ចប្រជុំកំពូលនេះបានកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ានបូកបីក្នុងការទប់ស្កាត់ការពារគ្រប់គ្រងនិងឆ្លើយតបយ៉ាងមានប្រសិទ្ឋភាពទៅនឹងការរីករាលដាលនៃជំងឺនេះនិងបានកត់សម្គាល់ថាតំបន់អាស៊ីបូព៌ាជាកន្លែងដំបូងដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតនេះ។

ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសបូកបីរួមមានចិនជប៉ុននិងសាធារណរដ្ឋកូរ៉េដែលបានខិតខំទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះដោយបានធ្វើឲ្យចំនួនអ្នកឆ្លងថ្មីមានការធ្លាក់ចុះនាពេលថ្មីៗនេះ។ដូចនេះថ្នាក់ដឹកនាំអាស៊ាននឹងត្រៀមចូលរួមពិភាក្សានិងធ្វើការផ្លាស់ប្តូរបទពិសោធន៍និងឧត្តម្មានុវត្តន៍ជាមួយប្រទេសបូកបីដើម្បីកាត់បន្ថយផលប៉ះពាល់

ជាអវិជ្ជមានបណ្តាលមកពីជំងឺនេះដើម្បីធានានូវសុខុមាលភាពប្រជាជនក្នុងតំបន់អាស៊ីបូព៌ានិងតំបន់ដទៃក្នុងពិភពលោក។ក្នុងន័យនេះកិច្ចប្រជុំបានទទួលស្គាល់ពីសារៈសំខាន់នៃការបម្រុងទុកអង្ករគ្រាមានអាសន្នរបស់ប្រទេសអាស៊ានបូកបី(ASEAN Plus Three Emergency Rice Reserve) ដែលជាយន្តការពង្រឹងសន្តិសុខស្បៀងក្នុងអាស៊ានបូកបី។

កិច្ចប្រជុំបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យផ្សេងៗតាមរយៈយន្តការក្នុងតំបន់ដែលមានស្រាប់ជាពិសេសដើម្បីគាំទ្រសហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs) ការពារគ្រូពេទ្យជំនាញនិងបុគ្កលិកសុខាភិបាលក៏ដូចជាធានាសុវត្ថិភាពដល់ពលករចំណាកស្រុក។កិច្ចប្រជុំ

ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរក្សាសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តនិងបន្តធ្វើពាណិជ្ជកម្មរវាងប្រទេសអាស៊ានបូកបីដើម្បីធានានូវលំហូរនាំចេញចូលទំនិញនិងសម្ភារៈចាំបាច់នៅតាមព្រំដែន។កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ក្នុងឆ្នាំនេះទោះបីមានវិបត្តិសុខភាពក៏ដោយព្រោះវាអាចជួយស្តារសេដ្ឋកិច្ចតំបន់ឲ្យរស់រវើកឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩ចប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតនេះ  និងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការពង្រឹងសាមគ្គីភាពតំបន់ក្នុងការប្រយុទ្ឋប្រឆាំងជម្ងឺនេះ។ក្នុងបរិបទនេះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានកោតសរសើរដល់ប្រទេសបូកបីដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងផ្នែកហិរញ្ញវត្ថុសម្ភារៈ

បរិក្ខាពេទ្យក៏ដូចជាការបញ្ជូនវេជ្ជបណ្ឌិតមកជួយកម្ពុជា។

ក្នុងឱកាសនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានលើកនូវចំណុចអាទិភាពមួយចំនួនសម្រាប់អាស៊ានបូកបីពិចារណាដែលជាវិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងនិងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩៖() ការចែករំលែកឧត្តម្មានុវត្តន៍និងបទពិសោធន៍ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះប្រកបដោយប្រសិទ្ធភាព() ការការពារសុខភាពសាធារណៈ

តាមរយៈការពង្រឹងសមត្ថភាពផលិតសម្ភារៈបរិក្ខាពេទ្យនិងការការពារអ្នកងាយទទួលរងគ្រោះ() កាត់បន្ថយហានិភ័យសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតនេះ() ពង្រឹសមាហរណកម្មតំបន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ  និង  () ពង្រឹងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាលឌីជីថល(e-government)  ធុរកិច្ចឌីជីថល(e-business)  និងការសិក្សាតាមប្រព័ន្ធឌីជីថល(e-education)

ថ្នាក់ដឹកនាំអាស៊ានបូកបី  ក៏បានអនុម័តនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង