ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តស្វាយរៀង ស្នើឱ្យពលរដ្ឋ ផ្លាស់ប្តូរឥរិយាបទផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មី ប្រើពេលខ្លី បានទិន្នផលខ្ពស់

169


ស្វាយរៀង៖ ប្រជាពលរដ្ឋដែលធ្វើស្រែរដូវវស្សាមានការត្អូញត្អែរ ដោយក្នុងរយះពេលជិតមួយខែនេះ ក្នុងខេត្ត ស្វាយរៀង មានបញ្ហាអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ មិនមានភ្លៀងធ្លាក់គ្រប់ ឃុំ ក្រុង ស្រុក ខណ្ឌ ខណៈធ្វើអោយពួកគាត់ត្រូវធ្វើការផ្លាស់ប្តូរពូជស្រូវជាបន្ទាន់ ដើម្បីផលិតឲ្យត្រូវនឹងអាកាសធាតុ និងការពិភាក្សាស្វែងរកការគាំទ្រពីក្រសួងកសិកម្ម និងមន្ទីរជំនាញ ។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ថា៖ ការងារបង្កបង្កើនផលស្រូវវស្សារបស់ពលរដ្ឋនៅក្នុងខេត្ត ចាប់ពីដើមរដូវរហូតមកដល់ថ្ងៃនេះ កសិករសម្រេចការភ្ជួររាស់ សាបព្រោះ ដកស្ទូងបានចំនួន១២២.៧៤៣ហិកតា ស្មើនឹង ៧៣% លើផែនការ១៦៧.៥០០ហិកតា។ ដោយឡែកការច្រូតស្រូវស្រាលដើមរដូវ ធ្វើឡើងបានចំនួន៨.២៦៤ហិកតា និងធ្វើកម្មវិធីស្រែបង្ហាញពង្រីកពូជស្រូវពូជផ្កា ដល់គ្រួសារកសិករបានចំនួន៦៦គ្រួសារ ក្នុងចំណោមគ្រួសារគោលដៅចំនួន១០០ ដើម្បីបង្ហាញដល់កសិករនៅទូទាំងខេត្តផងដែរ ។
នាពេលកន្លងមក លោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង បានស្នើឱ្យពលរដ្ឋត្រូវធ្វើការផ្លាស់ប្តូរឥរិយាបទ ផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មីខ្លីថ្ងៃ ទិន្នផលខ្ពស់ ដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានកំណត់ សំដៅផលិតឲ្យត្រូវនឹងអាកាសធាតុ រួមនឹងទីផ្សារស្រូវអង្ករផងដែរ ដើម្បីបម្រើការហូបចុក និងបង្កើនចំណូល។
លោក អភិបាលរងខេត្ត បានបន្តថា៖ ការផ្លាស់ប្តូរពូជស្រូវ ដើម្បីផលិតតម្រូវនឹងអាកាសធាតុ និងទីផ្សារ គឺជារបត់ថ្មីមួយ ដែលពលរដ្ឋគ្រប់រូបអ្នកផលិតស្រូវ ត្រូវតែបន្តការសិក្សាស្វែង យល់ពូជស្រូវឲ្យបានច្បាស់ពី សណ្តានអម្បូរស្រូវជាមួយនឹងមន្ទីរកសិកម្ម មុននឹងយកទៅផលិត ពីព្រោះពូជស្រូវថ្មីខ្លីថ្ងៃតម្រូវនឹងដីប្រភេទណា និងប្រើប្រាស់ជីអ្វី ការដែលបងប្អូនបានសិក្សាច្បាស់ ទើបការផលិតរបស់យើងមិនបរាជ័យ៕

អត្ថបទដែលជាប់ទាក់ទង