តុលាការសម្រេចឃុំខ្លួនបងប្អូនបង្កើត២នាក់ ករណីឃាតកម្មសម្លាប់ជីដូនមួយខ្លួនឯង នៅផ្លូវជាតិលេខ៨ ស្រុកពារាំង ខេត្តព្រៃវែង
(ព្រៃវែង)៖ ទីបំផុតករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់នៅផ្លូវជាតិលេខ៨ ភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ទី២០ ខែសីហា ឆ្នាំ២០២០នោះ ត្រូវសមត្ថកិច្ចខេត្តព្រៃវែងចាប់ឃាត់ខ្លួនជនដៃដល់បានហើយ ដោយពួកគេមានគ្នា២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ហើយក៏ត្រូវជាបងប្អូនជីដូនមួយនឹងជនរងគ្រោះ ទៀតផង។
ប្រភពពីសមត្ថកិច្ចខេត្តព្រៃវែងបានឱ្យដឹងថា ជនត្រូវចោទទាំង២នាក់មានទី១៖ ឈ្មោះ នី ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងទី២៖ ឈ្មោះ នី ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ អ្នកទាំង២ត្រូវបានលោក អ៊ន ប៊ុនលី ចៅក្រមស៊ើបសួរ នៃសាលា ដំបូង ខេត្តព្រៃវែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះតាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ឈីម ឈុនណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
គួររំលឹកថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះនឹងមិត្តភ័ក្ដម្នាក់ទៀតនៅភូមិជាមួយគ្នា បានជិៈម៉ូតូឌុបគ្នាចេញពីភូមិក្នុងបំណង ដើរលេង លុះប្រហែលម៉ោង១១យប់ថ្ងៃដដែលពួកគេបានជិៈមកដល់ចំណុចផ្លូវជាតិលេខ៨ ម្ដុំដីឡូត៍មួយកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ ភ្លាមៗនោះស្រាប់ តែលេចមុខ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំបិតចុងស្រួច មិនស្គាល់មុខបានស្ទុះមកព្រួតគ្នាវ៉ៃ នឹងកាប់ចាក់ជនរងគ្រោះ។
ខណៈមិត្តភក្តិជនរងគ្រោះបានរត់គេចបាត់ពីកន្លែង បណ្ដាលឱ្យជនដៃដល់សម្រុកចាក់ជនរងគ្រោះជាច្រើនកាំបិត ធ្លាយខ្នងធ្លាយពោះ បែកក្បាលស្លាប់នៅកន្លែង។ ក្រោយកើតហេតុជនដៃដល់បានរត់គេចមកផ្ទះធ្វើដូចមិនដឹងអ្វីសោះ។
បន្ទាប់មកមិត្តភក្តិជនរងគ្រោះ នឹងគ្រួសារមិនអស់ចិត្តបានតាមហៅរថយន្តដឹកទៅពេទ្យទាំងយប់លុះដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ។ ជាមួយគ្នានោះព្រឹកឡើងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះបានចុះពិនិត្យនឹងធ្វើកំណត់ហេតុបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនត្រូវចោទ ទាំង២នាក់បងប្អូន នៅភូមិពារាំង ឃុំរាប ស្រុកពារាំង នឹងបានបញ្ជូនខ្លួនទៅតុលាការ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនតែម្ដង៕