អាជ្ញាធរក្រុងចុះបិទកន្លែងបូមខ្សាច់របស់ឧកញ៉ា លឹម ស្រូយ ២កន្លែង នៅសង្កាត់បាក់ខែង ខណៈអាជ្ញាធរខណ្ឌជ្រោយចង្វា ឆ្លើយថាអត់ដឹង
ភ្នំពេញ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកកាលពីម្សិលម៉ិញ រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ថា៖ ក្នុងសង្កាត់បាក់ខែងសំបូរណាស់ ការដាក់អ៊ូសាឡង់បូមខ្សាច់លាន់ឮកងរំពងពេញភូមិ.មិនដឹងថាមានច្បាប់ ឬអត់ច្បាប់ ក្នុងនោះពួកគាត់បង្ហើបថា៖ គ្រាន់តែក្នុងមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពួកឈ្មួញ លូចដាក់អ៊ូសាឡង់បូមខ្សាច់ មានប្រមាណ៥-៦កន្លែង ក្នុងនោះទីតាំងរបស់ឧកញ៉ា លឹម ស្រូយ ២កន្លែង ធ្វើអាជីកម្មបូមខ្សាច់យ៉ាងចាស់ដៃ នៅទីនោះ និងជាបុគ្គលម្នាក់ ខាងបូមខ្សាច់លោតឆ័ត្រដ៏ល្បីផងដែរកន្លងទៅ គឺធ្លាប់បូមខ្សាច់ពីទន្លេសាប ក្នុងខណ្ឌព្រែកព្នៅ ទម្លុះផ្លូវជាតិលេខ៥ បូមខ្សាច់ដាក់ចូល បឹងសំរោង។
បច្ចុប្បន្នឧកញ៉ា លឹម ស្រូយ បានដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង យ៉ាងសុខសាន្ត ទទួលបានភាពកក់ក្តៅពីអាជ្ញាធរ ប៉ុន្តែគេពុំដឹងថា មានច្បាប់អនុញ្ញាត ឮក៏លោតឆ័ត្រនោះដែរ ។ ទីបំផុតនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ តំណាងអភិបាល នៃគណៈអភិបាល និងជាគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ គឺលោក ស៊ុយ សេរិទ្ធ អភិបាលរងសាលារាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ មានការសហការចូលរួមពីអាជ្ញាធរសង្កាត់ ខណ្ឌ ពិតជាទទួលស្គាល់ថា ការដាក់អ៊ូសាឡង់បូមខ្សាច់ គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលសាលារាជធានីភ្នំពេញមែន ។ ចំណុចនេះប្រជាពលរដ្ឋឆ្ងល់ថា ៖ ការដាក់អ៊ូបូមខ្សាច់រាប់សិបឆ្នាំមកហើយ ហេតុអីក៏អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ មិន ដឹងសោះ ឬមួយកន្ទេលធំបន្លំដេក អាចក្លាយជាមន្ត្រីគ្រាប់ល្ពៅ..! ។ ចុះបើប្រព័ន្ធផ្សព្វផ្សាយមិនបានដកស្រង់សំដីប្រជាពលរដ្ឋបាន ឲ្យដឹងដល់ថ្នាក់លើទេ សួរថា តើអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ គាត់គ្មានសមត្ថភាពទទួលព័ត៌មាន ជុំវិញការដាក់ទីតាំងអ៊ូបូមខ្សាច់ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារនោះមែន ឬក៏លាក់អាថ៌កំបាំងថ្នាក់លើ..? ប្រជាពលរដ្ឋត្រេកអរ ខណៈបានឃើញថ្នាក់ដឹកនាំរាជធានីភ្នំពេញចុះមកទីតាំងពិនិត្យដោយផ្ទាល់ បន្ទាប់ពីមានព័ត៌មានសង្គម បានបង្ហោះព្រោងព្រាត អំពីរឿងនេះ។
លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានឱ្យដឹងដែរ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា៖ អាជ្ញាធរក្រុងពិតជាបានចុះមកពិនិត្យទីតាំងនេះ មើលមែននៅ កន្លែងទីតាំងដាក់អ៊ូបូមខ្សាច់ ក្នុងសង្កាត់បាក់ខែង ប៉ុន្តែលោកមិនទាន់ ដឹងពីគោលការណ៍ថ្នាក់លើមាន
ចំណាត់ការបែបណា ពីព្រោះចៅសង្កាត់រងម្នាក់បានទៅចូលរួម នឹងមិនទាន់រាយការណ៍ជូនមកលោកនៅឡើយ។
លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានបន្តថា៖ ឋានៈត្រឹមខ្ញុំថ្នាក់មូលដ្ឋានគេមិនស្តាប់ទេ អាងអីពីថ្នាក់ លើៗ ដល់ពេលនេះថ្នាក់លើកចុះមកដឹងហើយថាយ៉ាងមេច. ! លោកថា ខ្ញុំសុំតែសុខ និងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្ញុំស្រឡាញ់បានហើយ ល្មមៗខ្ញុំមិនហ៊ានទេខ្លាចជ្រុះស័ក្តិពីស្មា ។
សូមបញ្ជាក់ថា៖ ទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង មិនត្រឹមតែឧកញ៉ា លឹម ស្រូយ ជាជើងខ្លាំងមានឱកាសបូមខ្សាច់រាប់ឆ្នាំនៅទីនោះទេ គាត់មានទីតាំងដល់២កន្លែង បូមខ្សាច់យ៉ាងអនាធិបតេយ្យ និងជាមេខ្លោងខាងណា ចេញមុខកាងរត់ការឱ្យទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់ជាច្រើនកន្លែង នៅមូលដ្ឋានសង្កាត់បាក់ខែង ហើយមានឈ្មោះជាតិ មិនដឹងថា ជាអភិបាលខណ្ឌជ្រោយចង្វាផុតលេខ ឬជាបុគ្គលមកពីក្រហែងមេឃណាទេ ឮល្ហៀងៗថា មានឥទ្ធិពលប្រមូលលុយពីទីតាំងដាក់អ៊ូបូមខ្សាច់ទាំងនោះ រហូតដល់មានពាក្យចចាមរ៉ាមខ្លះថា ឈ្មោះ ជាតិមាន ដាក់ហ៊ុនខ្លះដែរ ជាមួយឧកញ៉ា លឹម ស្រូយ។
ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ា លឹម ស្រូយ បានបញ្ជាក់បណ្ដាញព័ត៌មានថា៖ កន្លែងខ្ញុំមានច្បាប់ មិនមែនចេញដោយក្រសួងរ៉ែនិងថាមពលទេ គឺចេញដោយក្រសួងការពារជាតិ ក្នុងរុករកគ្រាប់យុទ្ធភណ្ឌក្នុងទន្លេ ជាក់ស្តែងក្រុមហ៊ុនក៏បូមរុករកឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម រហូតដល់៧គ្រាប់ឯណោះ។
លោកឧកញ៉ា លឹម ស្រូយ បានបន្តថា៖ ដោយឡែកកន្លែងដាក់អ៊ូមានសាឡង់ម៉ាស៊ីនបូមខ្សាច់ មិនមែនជារបស់គាត់ទេ ប៉ុន្តែគាត់ជួលដីនោះទៅឲ្យឧកញ៉ា លាង ឃុន ដើម្បីបូមខ្សាច់ទៅអភិវឌ្ឍន៍នៅម្តុំក្រោនភ្នំពេញ ហើយព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ២០២០ ស្រាប់តែមានខាងអាជ្ញាធរក្រុង និងខណ្ឌ សង្កាត់ តម្រូវឱ្យពួកគាត់ធ្វើការស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ដោយខាងក្រុងទុកពេលឱ្យរយៈពេល១ខែ។
ដោយឡែកចំពោះលេចឮពាក្យចចាមអារ៉ាមថាឈ្មោះ ជាតិ មានហ៊ុនជាមួយគាត់ គឺលោកឧកញ៉ា លឹម ស្រូយ បានធ្វើការបដិសេធ ដោយនិយាយថា៖ ខ្ញុំមិនឲ្យអ្នកណាមកដាក់ហ៊ុនជាមួយខ្ញុំទេ បើឈ្មោះជាតិ នោះកាន់តែមិនមែនទៀត ខណៈជាតិ គាត់មានលុយឯណា មករកស៊ីជាមួយខ្ញុំ រួចលោកក៏សុំបញ្ចប់ការបក ស្រាយសិន ព្រោះលោក ឃ្លាំង ហួត កំពុងទូរស័ព្ទមកកាន់គាត់ ។
លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា៖ ថ្ងៃនេះខាងអាជ្ញាធរ សាលារាជធានីភ្នំពេញ បានចុះមកពិនិត្យ នៅទីតាំងនេះមែន ដោយសារថ្ងៃមុនមានបណ្តឹងមួយ ចូលមកខ្ញុំ ខ្ញុំក៏ចុះទៅបិទ ដល់ចុះទៅបិទខាងហ្នឹងគេខឹង ថា គាត់រកស៊ីមិនបាន គេរកស៊ីបាន តែគាត់ស្តាប់ខ្ញុំមិនបាន ខ្ញុំប្រាប់គាត់ថា ការរកស៊ីទទួលទានក្នុងមូលដ្ឋានខ្ញុំ ខ្ញុំគាំទ្រខាងអភិវឌ្ឍន៍ប្រទេសជាតិ ទី១-មានច្បាប់ ,ទី២-ត្រូវបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ និងទី៣ -កុំឲ្យប៉ះពាល់ដល់ប្រជាជន រួចក៏បិទទូរស័ព្ទទៅវិញ ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ ការទម្លុះផ្លូវជាតិលេខ៦ ចាំបាច់ត្រូវធ្វើលិខិតស្នើសុំការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនចេះតែទម្លុះតាមចិត្តទេ ហើយការស្នើសុំនេះទៀតសោតខាងក្រសួង ក៏មិនសំដៅថា អនុញ្ញាតឲ្យដែរ សំខាន់ត្រូវឱ្យខាងជំនាញបច្ចេកទេស ទៅពិនិត្យវាយតម្លៃ ថាឲ្យច្បាប់ឬមិនឱ្យ ។ បើអនុញ្ញាតក៏ត្រូវអនុវត្តតាមគោលការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ ដើម្បីផលប្រយោជន៍ជាតិ លើវិធាន ការការពារផ្លូវជាតិ ដែលបានស្ថាបនាហើយនោះ។
លោកបន្តថា៖ នៅផ្លូវជាតិលេខ៦អា មានការទម្លុះផ្លូវជាតិដាក់ទុយោបូមខ្សាច់ ហើយមានច្រើនកន្លែង ទៀតនោះ ពិតណាស់ថា ខាងក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតច្បាប់ឲ្យទេ ។
ប៉ុន្ដែនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេពីលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មូលហេតុអីខាងអាជ្ញាធរក្រុង ចុះមកពិនិត្យហើយតម្រូវឲ្យធ្វើច្បាប់ ដោយសារទូរស័ព្ទរបស់លោកជាប់រវល់រហូត។
គេសង្ស័យថា រដ្ឋបាលសាលារាជធានីភ្នំពេញទើប នឹងដឹងថា ទីតាំងដាក់អ៊ូសាឡង់ម៉ាស៊ីនបូមខ្សាច់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារធ្វើអាជីវម្មលោតឆ័ត្រ (ឯកសារមិនគ្រប់លក្ខណៈ) ទោះមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល ឲ្យបូមខ្សាច់កណ្តាល ទន្លេក៏ដោយ បើធ្វើអាជីវកម្មដាក់អ៊ូម៉ាស៊ីនបូមតភ្ជាប់សាឡង់នៅមាត់ច្រាំងទន្លេ ក៏ត្រូវមានការឯកភាពពីប្រជាពលរដ្ឋ អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ -សាលារាជធានីភ្នំពេញផងដែរ ទើបធ្វើអាជីវកម្មបាន ។ ទីបំផុត..! ដាក់អ៊ូបូមខ្សាច់ជាច្រើនទីតាំងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាប់សិបឆ្នាំ ទើបនឹងបែកធ្លាយថា អត់មាន លិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ..! ចុះអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ គាត់មើលមិនឃើញ គាត់ មិនថ្លង់ម៉ាស៊ីនទេអី..? ឬមួយកន្ទេលធំបន្លំដេក.? ៕ សំរិត