ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងនិងមន្ទីរសាធារណការ ខេត្តព្រះវិហារអំពាវនាវឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មក្នុងផែនការកាត់បន្ថយសុវត្ថិភាពចរាចរណ៍ផ្លូវគោក

187

ខេត្តព្រះវិហារ៖ ក្រសួងនិងមន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការអំពាវនាវឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលជាសមាជិកអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងផែនការកាត់បន្ថយសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

   ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារចូលរួមដឹកនាំកិច្ចប្រជុំ«ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រយៈពេល១១ខែ របស់ខេត្តព្រះវិហារដែលបានធ្វើឡើងនៅសាលប្រជុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២០នេះ ដែលក្នុងនោះ ក៏មានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ តំណាងមន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

  លោក សំ លាងទ្រី តំណាងលោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់លោកប្រាក់ សុវណ្ណ ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់នានា ពិសេសផ្លូវនៅក្នុងទីរួមខេត្ត កំពុងតែធ្វើការអភិវឌ្ឍន៍ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសគឺក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត។

លោក សំ លាងទ្រី បានលើកឡើងយ៉ាងដូច្នេះទៀតថា បញ្ហាសុវត្ថិភាពចរចារណ៍ផ្លូវគោក គឺទាមទារឲ្យយើងទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវតែចូលរួមគោរពទាំងអស់គ្នា ដោយមិនត្រូវបែងចែកពីបញ្ហាផ្លាកសញ្ញាកំណត់ល្បឿន កំណត់ពីបញ្ហាផ្លូវ កំណត់ពីបញ្ហាសញ្ញាចរាចរណ៍នោះទេ សំខាន់យើងត្រូវមានស្មាតីប្រុងប្រយត្ន័ជានិច្ចពេលធ្វើដំណើរតាមដងផ្លូវ។

  លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរ ថា ដូចជាករណីផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំទៅប្រាសាទព្រះវិហារ គឺបានកំណត់ច្បាស់ណាស់ អនុញ្ញាតឲ្យរថយន្តបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ចំណែកទីប្រជុំជនគឺកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុផលនៃការកំណត់ល្បឿនលើផ្លូវជាតិលេខ៦២នេះ ដោយសារផ្លូវនេះតូច មួយគន្លងទៅ មួយគន្លងមក ដូច្នេះទាំងរថយន្ត ម៉ូតូនិងគោយន្តកន្ត្រៃយ៍ គឺបើកបរលើគន្លងផ្លូវជាមួយគ្នា ចឹងហើយទើបក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ឲ្យបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ការពារកុំអោយយើងបើកបរលឿនខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។

   លោក សំ លាងទ្រី បានលើកឡើងផងដែរថា ដើម្បីឆ្លើយតប និងផែនការសកម្មភាពទាង៨ចំណុចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអាជ្ញាធរខេត្តលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បានធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លុវគោកថ្មី ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារផងដែរ។

  លោកប្រធានបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តាំងពីលោកឡើងកាន់តំណែងជាប្រធានមន្ទីរ គឺតែងតែបើកកិច្ចប្រជុំបូកសារុបការងារប្រចាំខែ ក្នុងមួយខែម្តង ក្នុងនោះក៏បានបញ្ចូលផែនការសកម្មភាពអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាប្រចាំ ចឹងមានន័យថាក្នុងកិច្ចប្រជុំប្រចាំខែ មន្ទីរបានដាក់ផែនការមិនក្រោម ៤០ចំណុចនោះទេ ដើម្បីឲ្យការិយាលយ័ជំនាញយកទៅអនុវត្តន៍ ហើយកិច្ចប្រជុំប្រចាំខែបន្ទាប់ យើងត្រួតពិនិត្យមើលផែនការខែមុនដែលយើងបានដាក់ចេញ តើការិយាលយ័និមួយៗអនុវត្តន៍បានកម្រិតណា។

   លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយពីបានស្តាប់ការលើកឡើងរបស់មន្ទីរ អង្គភាពនានាជុំវិញខេត្តរួចមក លោកក៏បានណែនាំ អោយមន្ទីរ អង្គភាពនានា ជាសមាជិកលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមសហការ ផ្តល់របាយការណ៍ប្រចាំខែ មកលេខធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដើម្បីបូកសរុបវាយតម្លៃពីបញ្ហាប្រឈមនានា រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង