តៃកុងងងុយដេក បណ្តាលឲ្យរថយន្តរេចង្កូត បុកដើមឈើ របួសធ្ងន់ស្រាល៦នាក់/អង្គ
ប៉ៃលិន ៖ ព្រះសង្ឃ៥អង្គ និងអ្នកបើករថយន្តម្នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរងងុយដេកមួយភាំង រថយន្តរេចង្កូតបុកដើមឈើ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ។
អ្នកបើកបរឈ្មោះ សែម បុរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 2A-2434 រងរបួសស្រាល ។ ចំណែករថយន្ត ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។
ក្នុងរថយន្តមានព្រះសង្ឃចំនួន ៥អង្គ រួមដំណើរជាមួយ គង់នៅវត្តដងទង់ ភូមិស្រែខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត៖ ១.ព្រះនាម សែន ស៊ិនដារ៉ូ ព្រះជន្ម ៣៤វស្សា រងរបួសបាក់កដៃស្តាំ ២.ព្រះនាម ត្រេន ព្រះជន្ម ៣១វស្សា របួសបែកមុខខាងស្តាំ ៣.ព្រះនាម ត្រាវ ព្រះជន្ម ៣៣វស្សា របួសស្រាល ៤.ព្រះនាម វែង ព្រះជន្ម ៣៤វស្សា របួសធ្ងន់ ៥.ព្រះនាម ឡុង ព្រះជន្ម ៣២វស្សា របួសធ្ងន់ ។
នគរបាល បានបញ្ជាក់ពីមូលហេតុ នៃគ្រោះថ្នាក់នេះ បណ្ដាលមកពី កត្តាមនុស្ស គឺអ្នកបើកបរ បើកបរក្នុងស្ថានភាពងងុយដេក និងខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន ព្រះសង្ឃ៥អង្គ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕