អាជ្ញាធរជាតិអប្សរា មានគម្រោងបង្កើតផ្លូវថ្មី និងរៀបចំចំណតរថយន្តមួយចំនួនទៀត ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរ
សៀមរាប៖ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យទីតាំងមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍ នៅថ្ងៃ៦កើត ខែមាឃ ឆ្នាំជូតទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ។
នៅក្នុងដំណើរការត្រួតពិនិត្យការងារនេះ គណៈប្រតិភូបានចុះពិនិត្យទីតាំងខាង កើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងចំណតថ្មី ចៀសវាងកុំឱ្យរថយន្តដឹកភ្ញៀវទេសចរ ចតនៅមុខប្រាសាទចៅសាយទេវតា និងខាងកើតខ្លោងទ្វារជ័យ។ ក្នុងនោះក៏បានពិ ភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល។ បន្ថែមពីនោះ ក៏ពិនិត្យលទ្ធភាពបង្កើតផ្លូវដើរ ឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។
លោ ហង់ ពៅ ក៏បានស្នើសុំយោបល់ទៅកាន់អ្នកជំនាញបុរាណវិទ្យា ដើម្បីរៀបចំស្តារស្រះទឹកនៅខាងត្បូងនៃផ្លូវចូលខាងកើតប្រាសាទបាយ័ន្តឡើងវិញ ឱ្យមានរូបរាងពេញលេញ។ ចំណែកនៅជ្រុងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន្ត ត្រូវរៀបចំប្រព័ន្ធរំដោះទឹកចេញ ដើម្បីសោភណភាព និងបញ្ចៀសផលប៉ះពាល់ផ្សេងៗដល់ប្រាសាទ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទ បាយ័ន្ត ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលអគារនេះឡើងវិញសម្រាប់ ទុកជាកន្លែងរក្សាទុកដាក់បុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួស ជុលបុរាណវត្ថុពីសម័យបារាំងមកដែរ៕.សំរិត