ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនា ឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
នៅរសៀលថ្ងៃ អង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់ ឯកឧត្តម គួច ចំរើន អភិបាសល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ ក្រុមហ៊ុនអ៊ុតបេទីម ក្រុមហ៊ុនបំពាក់កាំម៉េរ៉ាសុវត្តិ ក្រុម ហ៊ុនបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រុមហ៊ុនគូសគំនូសចរាចរណ៍ ក្រុមហ៊ុនបំពាក់ភ្លើងចរាចរណ៍ និងក្រុមហ៊ុនដាំដើមឈើ ។
ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តិកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននីមួយសន្យាពន្លឿនសកម្មភាពការងាររបស់ខ្លួនឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការ ងាររបស់ខ្លួននៅចុងខែមីនាខាងមុខ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១ ។
ឯកឧត្តម អភិបាលខេត្តបន្តថា ដោយពិនិត្យឃើញនូវចំណុចសេសសល់មួយចំនួន ដែលគណៈកម្មាធិការជាតិគ្រប់គ្រង់ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានដឹកនាំស្ថាបនា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនសោភណភាព និងបរិស្ថាន ។
ឯកឧត្តម គួច ចំរើន ក៏បានអរគុណដល់ក្រុមហ៊ុន បានសន្យាកែសម្រួលពេលវេលា ដោយយកចិត្តទុកដាក់អនុវត្តបន្ថែមម៉ោងការងារដោយការទទួលខុសត្រូវ ម្យ៉ាងទៀតក្រុម ហ៊ុនត្រូវសំអាតសំណល់ចេញពីការដ្ឋានរៀងៗ ខ្លួនដែលនៅសេសសល់ ពិសេសការថែទាំដាំស្មៅ ដាំដើមឈើឱ្យមានភាពស្រស់ស្អាតក្នុងការទាក់ទាញ ៕