រថយន្តក្រឡុកស៊ីម៉ងត៍ បួងចង្កូចគេចពីរថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខបណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ
ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ឣ្នកដំណើរនិងសមត្ថកិច្ចខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ មិនស្គាល់ឣត្តសញ្ញាណបើកបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌សដែលមានឣក្សរសម្គាល់របស់ក្រុមហ៊ុន G 15 ពាក់ផ្លាកលេខ ភ្នំពេញ 5A 3397 បើកបរក្នុងល្បឿនលឿនពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ឣ្នកបើកបរបានបួងចង្កូចគេចពីរថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខបណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អឣ្នកបើកបរមិនរងរបួស ហើយក៏បានបើកទ្វាររថយន្តលូនចេញពីក្នុងទឹក ដើរចូលទៅក្នុងក្រុមហ៊ុនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ខណ្ឌសែនសុខសហការ ជាមួយកម្លាំងជំនាញចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ នឹងឲ្យខាងក្រុមហ៊ុនរថយន្តយករថយន្តស្ទូច យករថយន្តខាងលើ ចេញពីក្នុងទឹកនិងឲ្យម្ចាស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងត៍ សងថ្លៃខូចខាតផ្លូវ និងស្ពានដើម្បីបញ្ចប់រឿង៕