លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសួសុខទុក្ខ ផ្ដល់ក្ដីស្រឡាញ់ ជាមួយ លោក គឹម សៀប អតីតអនុរដ្ឋមន្ត្រីក្រសួងគមនា គមន៍ អាយុ៨៥ ឆ្នាំ
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំប្រតិភូចុះជួបសំណេះសំណាល ផ្ដល់ក្ដីស្រឡាញ់ ជាមួយ លោក គឹម សៀប អាយុ ៨៥ អតីតអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងភរិយា ដែលមានអាយុប្រហាក់ប្រហែលគ្នា (មន្ត្រីចូលនិវត្តន៍) នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាល នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ថ្លែងក្នុងឱកាសនោះលោកស្រី មានប្រសាសន៍ថា ៖ ការចុះមកសួរសុខទុក្ខនេះបន្ទាប់ពីបានទទួលដំណឹងថា លោក គឹម សៀប មានជំងឺ និងបានសម្រាកនៅមន្ទីពេទ្យ ។ ដោយមានការមមាញឹកក្នុងការងារទើប លោកស្រី ពុំបានចុះមក សួរសុទុក្ខនៅមន្ទីរពេទ្យទាន់ពេលវេលា ទើបថ្ងៃនេះ លោក ស្រី បានមកជួបសួរសុខទុក្ខ ផ្ដល់ក្ដីស្រឡាញ់
ដោយផ្ទាល់ នៅគេហដ្ឋានតែម្តង ។
លោកស្រីក៏បានជូនពរឲ្យលោក គឹម សៀប និងភរិយា មានកម្លាំង មាំមួន និងជៀសផុតពីជំងឺផ្សេងៗ ទាំងឡាយ ទាំងពួង ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សំរិត