លោក គង់ សោភ័ណ្ឌថា៖ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន៩៤២នាក់ ក្នុងរយពេល៥ថ្ងៃនេះ
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានឲ្យដឹងនៅថ្ងៃនេះថា រយៈពេល៥ថ្ងៃមកនេះ ដោយគិតចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានមនុស្សចំនួន ៩៤២នាក់ ហើយដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងនោះមានស្ត្រីចំនួន ៥០៧នាក់ ខណៈដែលមនុស្សត្រូវបានយកសំណាកមានចំនួនសរុប ៧០៩នាក់ ក្នុងនោះស្ត្រីមានចំនួន ១០៣នាក់។
លោកបានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កតាមមណ្ឌលនានា មានចំនួន ១៧៦នាក់ ហើយធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ៦៩៧នាក់។ ចំណែកម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង និងហង់សិន រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឱ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៏ត្រូវបានធានា និងយាមកាមបានល្អផងដែរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន បញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហ ការជាមួយមន្ដ្រី សុខាភិបាល បាននឹងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់ទៀត ៕ សំរិត