ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេញក្នុងការណែនាំ និង ប្រាប់ ទៅឲ្យប្រជាពលរដ្ឋណាមួយដែលមិនព្រមពាក់ម៉ាស ឬ មិនរក្សាគម្លាតសុវត្ថិភាព

207

 

ព្រះសីហនុ ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេញក្នុងការណែនាំ និង ប្រាប់ ទៅឲ្យប្រជាពលរដ្ឋណាមួយដែលមិនព្រមពាក់ម៉ាស ឬ មិនរក្សាគម្លាតសុវត្ថិភាព ដើម្បីបានការពារការឆ្លងរាលដាលមកដល់ខ្លួន និងទៅដល់អ្នកដទៃផ្សេងទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពី
ការពង្រឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ខេត្តព្រះសីហនុត្រូវបានក្រសួងសុខាភិបាលកំណត់ជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង សេចក្តីអំពាវនាវជាបន្តបន្ទាប់អំពីការពង្រឹងអនុវត្តវិធានការ «៣ការពារ និងជាកុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយបងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលុបបានអនុវត្តការរស់នៅតាមបែបគន្លងថ្មីស្របតាមការណែនាំ ប៉ុន្តែរដ្ឋបាលខេត្តបានសង្កេតឃើញថា នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់អនុវត្តបានត្រឹមត្រូវតាមការណែនាំនៅឡើយ។

រដ្ឋបាលខេត្តំព្រះសីហនុ នឹងពង្រឹងការតាមដាន ចំពោះការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល។ ក្នុងករណីរកឃើញថាមានបុគ្គលល្មើសនឹងកាតព្វកិច្ចទាំងពីរខាងលើនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការពិន័យយ៉ាងតឹងរ៉ឹងទៅតាមច្បាប់។

យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ .បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យ អន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្តិភាព»។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ នឹងចូលរួមសហការអនុវត្តវិធានការសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជាប់ខ្លួន និងត្រឹមត្រូវទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង ស្រុកទាំង៥ មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវផ្សព្វផ្សាយណែនាំឱ្យ បានទូលំទូលាយ ក្នុងករណីបុគ្គលម៌នអនុវត្តកាតព្វកិច្ចទាំងពីរខាងលើ ត្រូវចាត់វិធានការផាកពិន័យឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង