សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ
ភ្នំពេញ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកស្រី លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នារៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅវត្តច័ន្ទបុរីវង្ស ក្រោមព្រះវត្តមាន សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា និងជាព្រះគ្រូចៅអធិការវត្ត នាព្រឹកថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (វារៈឡើងស័ក) ។
ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ និងរៀបចំដោយរក្សាគម្លាតបុគ្គល និងគោរពតាមវិធានការរបស់សុខាភិបាល ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានបួងសួងសូមឲ្យប្រទេសជាតិសឹចក្តីសុខ សេចក្តីចម្រើន មានសេដ្ឋកិច្ចរីកចម្រើនល្អ មានការវិនិយោគកាន់តែច្រើន ក្រោមការដឹកនាំរបស់សម្តេច ជាពិសេស សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបាននូវសុភមង្គគ្រប់ៗក្រុមគ្រួសារ ។ ម៉្យាងទៀតសូមឲ្យប្រទេសជាតិរួចផុតពីជម្ងឺឧបទ្រពចង្រៃ ដូចជា ជំងឺកូវីដសូមឲ្យសាបរលាបពីព្រះរាជាណាចក្រកម្ពុជា និងបានឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានទទួលមរណភាពដោយសារកូវីដ១៩ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ជាកិច្ចបន្ត សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានប្រសិទ្ធិពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕ សំរិត