ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះទៅសម្របសម្រួល ការឡើងថ្លៃបន្ទប់ជួល បានបញ្ចប់ និងបានផ្តល់ស្បៀង អាហារបន្ថែម ជូនកម្មកររោងចក្រ ដែលកំពុងស្នាក់នៅតំបន់ក្រហម

49

ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធ នឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌនិងសង្កាត់ ចុះទៅធ្វើការសម្របសម្រួល ជាមួយបងប្អូនកម្មករទាំងនេះ បានបញ្ចប់ភ្លាមតែម្តង ។

តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនីដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករកម្មការិនី បានជួលបន្ទប់ជួល នៅទីតាំងខាងលើចំនួន៤៧០ បន្ទប់ហើយក្រោយ ពីមានព្រឹត្តិការណ៍ សហគមន៍កូវីដ-១៩ នេះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការ លំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វាដែរនោះ ។ តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយ ពីរាជរដ្ឋាភិបាល បានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនីការរស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួល ពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួល បានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។

ជាមួយគ្នានោះដែរ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុងនិងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូន ទៅដល់មុខ បន្ទប់ជួល របស់បងប្អូនកម្មករតែម្ដង ។ បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គិសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលឱ្យបងប្អូនកម្មករ ជំពាក់ជាបំណុលសិន ចាំពេល ក្រោយយើងនឹងមាន ការដោះស្រាយ បំណុលនេះវិញ៕

អត្ថបទដែលជាប់ទាក់ទង