បាក់ច្រាំងទន្លេ អាជ្ញាធរខេត្តកណ្តាល បិទចរាចរយានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សារកាកោង
កណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សារកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ ៧០A ចំណុចPK3500 ស្ថិតនៅភូមិ ពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល បានបាក់ដល់គំនូសពណ៌លឿងលើខ្នងកៅស៊ូ មានបណ្ដោយប្រវែង ប្រមាណ៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារស្ថាបនាច្រាំងទន្លេ និងជួសជុលផ្លូវខាងលើ រួចរាល់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំង ខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ ដោយធ្វើការពង្វាងចរាចរពីគល់ស្ពានមុខវត្តជើង ទៅតាមផ្លូវ លេខ២៦០ ឡើងទៅតាមផ្លូវលោកតាកូហេ ក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕