ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាទ្វេភាគី លើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន

339

 

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាទ្វេភាគី នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៥៖៤០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។ការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

មុនជំនួបទ្វេភាគីជាមួយ លោក ប្រាក់ សុខុន លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសមាជិកអាស៊ានមួយនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក។

ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនឹងគ្នានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩។ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ ហើយបានភ្ជាប់ឡើងវិញជាថ្មីនៅឆ្នាំ១៩៩២។ ក្រោយពេលភ្ជាប់ទំនាក់ទំនងឡើងវិញ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែល្អប្រសើរ។ ក្នុងនោះមេដឹកនាំនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាជាញឹកញាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីចំនួនពីរដង គឺនៅឆ្នាំ២០១៥ និង២០១៩។ ដោយឡែកឥណ្ឌូនេស៊ី ក៏មានអតីតប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ ដោយឡែកលោក ចូកូ វីដូដូ មិនដែលបានមកទស្សនកិច្ចនៅកម្ពុជានៅឡើយទេ តាំងពីឡើងជាប្រធានាធិបតីនៅឆ្នាំ២០១៤មក។

តាមរយៈទំនាក់ទំនងល្អប្រសើរនេះ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានបង្កើតឱ្យមានកិច្ចព្រមព្រៀងលើផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង