ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ បង្កើតកម្មវិធីផ្ដល់អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់កុំឲ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ

272

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុ បាននឹងកំពុងចុះត្រជាក់បណ្តើរៗហើយនោះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងពិធីប្រគល់អំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ដែល មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី ០១ខែធ្នូឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។

សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួល
អំណោយនេះ មានចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ នៅស្ទឹងត្រង់កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងមកនេះ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុ នឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់ នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។

លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកានៅ ក្នុងសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។
ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀត ត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។

លោកឃួង ស្រេងក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ យើងបានកសាង សមាគមមនុស្សចាស់ បានទាំង១០៥សង្កាត់ហើយ។ ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាននិង សួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋាន របស់ខ្លួនដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើងក៏បានបន្សល់ទុក ដោយឲ្យយើងត្រូវតែមានកតញ្ញូ ចំពោះមនុស្សចាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង