កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ឆ្លុះបញ្ចាំងពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព»
មីយ៉ាន់ម៉ា ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសបានឯកភាពថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុតំបន់មេគង្គ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសាមគ្គីភាពដើម្បីឆ្ពោះទៅរកគោលដៅរួមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ក្នុងតំបន់។
បន្ទាប់ពីកិច្ចប្រជុំនេះគឺមានពិធីដាក់បង្ហាញអគារអង្គភាពសម្របសម្រួលថ្នាក់ជាតិ (មីយ៉ាន់ម៉ា) សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបទបង្ហាញវីដេអូខ្លីស្តីពីប្រវត្តិសាស្រ្តនៃទីក្រុងបាហ្កាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅប្រកបដោយស្មារតីខ្ពស់ពីសំណាក់ប្រទេសសមាជិក ដែលជាក់ស្តែងបានឆ្លុះបញ្ចាំងពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព»។ ប៉ុន្មានឆ្នាំមកនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្ហាញពីភាពធន់ និងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់បណ្តាប្រទេសមេគង្គ ជាពិសេសតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
យន្តការនេះនឹងបន្តធ្វើជាចលករមួយសម្រាប់អនាគតនៃអនុតំបន់មេគង្គ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា “ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយដែលបានជួប និងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយសមភាគី ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ហើយខ្ញុំសង្ឃឹមថានឹងបានជួបគាត់ម្តងទៀតនាពេលឆាប់ៗខាងមុខ”៕