ការដ្ឋានស្ថានីយបូមទឹកទួលគោកទី២ សម្រេចបាន៩៥ភាគរយហើយ ជាមួយនឹងសមត្ថភាពបូមទឹកបាន៥ម៉ែត្រគូបក្នុង១វិនាទី
ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ថានីយបូមទឹកទួលគោកទី២ ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវ២៧៣ ទំនប់ទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ៩៥ភាគរយហើយ ជាមួយនឹងសមត្ថភាព បូមទឹកបាន៥ម៉ែត្រគូបក្នុង១វិនាទី ពោលគឺកើន៣ដង បើធៀបនឹងស្ថានីយបូមទឹកចាស់ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៤ កក្កដានេះថា ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានកសាងបណ្តាញលូជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែងផងដែរ ។ ជាក់ស្តែងសម្រាប់ការដ្ឋានស្ថាបនាស្ថានីយបូមទឹកទួលគោកទី២ មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ៩៥ភាគរយហើយ ដោយមានបំពាក់ម៉ូទ័រចំនួន៥គ្រឿង ក្នុងនោះទំហំ៥តឹក ២គ្រឿងនិង ៦តឹក ៣គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៥ម៉ែត្រគូបក្នុង១វិនាទី ពោលគឺកើន៣ដង បើធៀបនឹងស្ថានីយបូមទឹកចាស់ ។
លោកសាំ ពិសិដ្ឋ បន្តទៀតថា ចំពោះកិច្ចការងារដែលក្រុមកាេងារត្រូវបង្ហើយនោះ គឺនៅសល់ផ្នែកខាងមុខ ស្ថានីយមួយចំនួន ដោយយើងត្រូវបន្តបុកស៊ីផាយ បង្ដើតជាអាងស្តុបទឹក និងម្យ៉ាងទៀតដើម្បីការពារការរំលោភ ទន្ទ្រាន កាន់កាប់យកតួប្រឡាយបន្តទៀត។
ក្រៅពីការស្ថាបនាស្ថានីយបូមទឹកទួលគោកទី២ហើយ ការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយនេះ ក៏ត្រូវបានអនុវត្តផងដែរ ហើយបើ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រ និងផ្លូវនៅជាប់មាត់ប្រឡាយទំហំ៥ម៉ែត្រ។ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវ៧០(ទំនប់ទួលគោក) ដល់ ផ្លូវR 10ក៏និងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងថា ក្រោយពីស្ថាបនាប្រឡាយស្ថានីយទួលគោកទី២នេះ រួចតំបន់មួយចំនួនដែលធ្លាប់លិចលង់ នៅទួលគោកនិងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញនឹងលែងទទួលរងការលិចលង់ហើយ។
គួរបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបានបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី បន្តទៅប្រឡាយ អូរបាក់ទូក ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួច អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង៕