ក្រសួងយុត្តិធម៌ ពិនិត្យលើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប ២៥២ រូប
(ភ្នំពេញ)៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី~ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២២ និងមណ្ឌលអប់រំកែប្រែចំនួន ០៣ (ម១+ម៣+ម៤) ) ដែលបានស្នើក្នុងឱកាសពិធីបុណ្យពិសាខបូជា២០១៩ នេះ លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប ២៥២ រូប (ស្រី ១៦ រូប) នៅវេលាម៉ោង២: ៣០ នាទីរសៀល នាថ្ងៃច័ន្ទ ទី ០៦ ខែឧសភា នៅទីស្តីការក្រសួងយុត្តិធម៌។
ទណ្ឌិតដែលត្រូវបានការស្នើលើកលែងទោស និងបន្ធូរបន្ថយទោស សម្រាប់បុណ្យពិសាខបូជា ខាងមុខនេះ គឺត្រូវតែជាទណ្ឌិតក្នុងបទល្មើសស្រាលដែលមានការកែប្រែខ្លួន ជាគម្រូនៅក្នុងពន្ធនាគារ រួមទាំងបានអនុវត្តទោសបាន២ភាគ៣ផងដែរ។ ប៉ុន្តែសម្រាប់ទណ្ឌិតដែលប្រព្រឹត្តបទឧក្រិដ្ឋ ហើយមិនរាងចាល នឹងមិនមានឈ្មោះក្នុងបញ្ជីទេ។
លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលកិច្ចប្រជុំត្រួតពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត សម្រាប់បុណ្យពិសាខបូជា។
ឱកាសបុណ្យពិសាខបូជា ខាងមុខនេះ គណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន០៣) បានធ្វើលិខិតស្នើអនុគ្រោះទោសដល់ទណ្ឌិត សរុប២៥២រូប ក្នុងនោះស្រី១៦រូប ប៉ុន្តែទោះជាយ៉ាងនេះក្តី លោករដ្ឋមន្រ្តីនឹងធ្វើសេចក្តីសម្រេចចុងក្រោយមួយ ដើម្បីដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើថ្វាយព្រះមហាក្សត្រ។
លោក សុច សុផាន់ណារ៉ា បានថ្លែងថា ការលើកលែងទោសនេះ គឺផ្តោតសំខាន់លើទណ្ឌិតណាដែលបានកែប្រែខ្លួនបានល្អ តាមបណ្តារាជធានី ខេត្តក្រុង ដែលគាត់ជាគម្រូនៅក្នុងពន្ធនាគារ ហើយបានអនុវត្តស្របតាមបទដ្ឋាននៅក្នុងពន្ធនាគារ ដែលធ្វើឱ្យខាងពន្ធនាគារស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ហើយថា ការលើកលែងទោសនេះ ស្ថិតនៅលើគោលការណ៍មនុស្សធម៌ ដែលក្នុងនោះមានស្រ្តី មានជនចាស់ជរា ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ទណ្ឌិតដែលមានជំងឺនៅក្នុងពន្ធនាគារ កូនជាមួយម្តាយមានភាពលំបាក ក្នុងការរស់នៅជាដើម៕