ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខៀវ កាញ្ញារិទ្ធ៖សតវត្សរ៍ទី២១ជាសម័យសេដ្ឋកិច្ចខួរក្បាលគឺត្រូវការអ្នកមានចំណេះដឹងវែងឆ្ងាយ

50

កំពង់ចាម: លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា កត្តាដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង និងជំរុញឲ្យបង្កើតសាលារៀនឲ្យច្រើនកន្លែងដូចសព្វថ្ងៃព្រោះ សតវត្សរ៍ទី២១នេះ ជាសម័យសេដ្ឋកិច្ចពុទ្ធិ ឬសេដ្ឋកិច្ចខួរក្បាល គឺសំខាន់យើងត្រូវការមនុស្សជាអ្នកមានចំណេះដឹងវែងឆ្ងាយ។ ពិសេសចាំបាច់ត្រូវពង្រីកធនធានមនុស្សពីផ្ទៃបាតពោល គឺពីកម្រិតដំបូងបឋមសិក្សា និងអនុវិទ្យាល័យជាគ្រឹះសំខាន់បំផុតនោះ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌លើកឡើងបែបនេះនៅក្នុងពិធីសម្ពោធអការសិក្សាមួយខ្នង នៃសាលាបឋមសិក្សាកណ្តាលកោះត្បូង ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យើងត្រូវការចំណេះពិតប្រាកដជាមូលដ្ឋាន គឺជាគ្រឹះសិក្សាថ្នាក់ដំបូងបឋមឲ្យច្បាស់លាស់ មិនមែនលំៗ គ្រាន់តែបានពិន្ទុជាប់ឡើងថ្នាក់ទៅកម្រិតអនុវិទ្យាល័យនោះឡើយ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ទៀតថា បើសិស្សកម្រិតបឋមសិក្សា និងកម្រិតអនុវិទ្យាល័យនេះខ្លាំងហើយ គឺករណីពួកគេ(សិស្ស)ជួបបញ្ហាជីវភាពខ្វះខាតអាច ផ្អាកការសិក្សារៀនសូត្រជាបណ្តោះអាសន្ន ហើយចាកចេញទៅរកការងារធ្វើខាងក្រៅរកលុយ គឺចំណេះដឹងពិតប្រាកដទាំងពីរកម្រិតនោះមិនបាត់បង់ឡើយ។ ធ្វើការងារបានលុយហើយ យើងមកបន្តការសិក្សារៀនសូត្របន្តទៀត គឺមិនយឺតពេលទេ។
លោករដ្ឋមន្រ្តីបានបន្ថែមថា នេះជាគោលនយោបាយបង្កើតសាលារៀនច្រើនកន្លែង ដើម្បីពង្រីកផ្ទៃបាតពោល គឺពង្រីកខួរក្បាលរបស់មនុស្សសតវត្សរ៍ទី ២១ នេះជាសម័យសេដ្ឋកិច្ចពុទ្ធិ ឬសេដ្ឋកិច្ចខួរក្បាល ដោយផ្តោតជាសំខាន់លើមនុស្សដែលមានចំណេះដឹងគិតគូវែងឆ្ងាយទៅអនាគត។ ផ្ទុយពីសតវត្សរ៍ទី២០ ដែលចង់បានប្រទេសជឿនលឿនខ្លាំង ពង្រីកធនធានមនុស្សច្រើននោះ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ៣០សីហ ២០១៩ដែរថា ទូទាំងខេត្តយើងមានសាលារៀនសរុបចំនួន ៥៣៧ កន្លែង។ ក្នុងនោះមានសាលាកម្រិតបឋមសិក្សាចំនួន ៤០៧ កន្លែង សាលាកម្រិតអនុវិទ្យាល័យចំនួន ៨០ កន្លែង សាលាកម្រិតវិទ្យាល័យចំនួន ៤៣កន្លែង និងកម្រិតមតេយ្យដាច់ដោយឡែកចំនួន ប្រាំមួយ កន្លែងទៀត៕

អត្ថបទដែលជាប់ទាក់ទង