ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឲ្យបន្តយកចិត្តទុកដាក់ បង្កើនតម្លៃបន្ថែមលើការផលិត ការនាំចេញ ក្នុងវិស័យកសិ-ឧស្សាហកម្ម

106
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានជំរុញឲ្យបន្តយកចិត្តទុកដាក់ បង្កើនតម្លៃបន្ថែមលើការផលិត ការនាំចេញអង្ករ កសិផលកែច្នៃឲ្យបាន១២% នៅត្រឹមឆ្នាំ២០២៥ ក្នុងនោះមានផលិតផលសត្វ និងវារីវប្បកម្ម ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិន ក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បង ដូចបានកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

នៅសណ្ឋាគារ Raffles le Royal ភ្នំពេញ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី កិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្មបាននិងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ បច្ចុប្បន្នក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស និងកំពុងជំរុញបន្ថែមទៀតលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងសមិទ្ធផលជាវិជ្ជមានដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូ ដោះស្រាយ កែសម្រួល និងបំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យមានភាពប្រទាក់ក្រឡាគ្នា និងរលូន ហើយដែលយន្តការទាំងអស់នេះ វេទិកាសាធារណ: រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានអនុវត្តរួចមកហើយ ដោយទទួលស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ និងមានការពេញចិត្តពីអ្នកវិនិយោគ។ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីជួយសម្រួលដល់ការវិនិយោគ ក្នុងវិស័យកសិកម្ម និងការអភវិឌ្ឍន៍វិស័យនេះ ក៏ដូចជាការឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន វេទិកាសាធារណ:លើកទី១៨ បានដាក់ចេញវិធានការឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តបន្តជាអាទិ៍៖ ទី១. ដាក់អាករលើតម្លៃបន្ថែមសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៣។ ទី២. អនុគ្រោះដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឲ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស រហូតដល់ដំណាច់ឆ្នាំ២០៣០។
ទី៣. អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋដល់សហ គ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូដែលមានសុពលភាព១ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជិកាគណនេយ្យស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានផ្តល់ចំណុចគន្លឹះមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការពិចារណា ពាក់ព័ន្ធនឹងគោលនយោបាយ សម្រាប់ជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នឲ្យទទួលបានជោគជ័យ ក្នុងនោះរួមមាន៖ ទី១. បន្តជំរុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឲ្យបាននូវការនាំចេញ កសិផលកែច្នៃឲ្យបាន១២% នៃទំហំការនាំចេញសរុបនៅឆ្នាំ២០២៥។ ទី២. ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ SME តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ ការបង្កើតធនាគារសហគ្រាស (SMEs Bank) និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ទី៣. បន្តអនុវត្តគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធគាំទ្រ គោលនយោបាយពន្ធជំរុញកំណើន តាមរយៈការធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាបង់ពន្ធ ការសម្រួលពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ឡូជីស្ទីក ការកាត់បន្ថយថ្លៃអគ្គិសនី។ ទី៤. គាំទ្រការផ្សារភ្ជាប់វិស័យកសិកម្ម ទៅនឹងវិស័យកសិ-ឧស្សាហកម្ម ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិផលនាំចេញ តាមទម្រង់ភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែក ឯកជន (Agri-PPP)។
ការអភិវឌ្ឍប្រព័ន្ធផ្តល់វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ(SPS) ជាលក្ខណៈអេឡិចត្រូនិក (E-Certificate) ក៏នឹងត្រូវរៀបចំឲ្យអនុវត្តនាពេលខាងមុខផងដែរ។ ទី៥. ជំរុញរៀបចំ និងអនុវត្តស្តង់ដារកសិផល និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាព ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ ក្នុងការពិនិត្យ និងបញ្ជាក់គុណភាព ស្របតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices) និងការអនុវត្តការផលិតល្អ (Good Manufacturing Practices) ពិសេសត្រូវជំរុញឲ្យការអនុម័ត និងអនុវត្តច្បាប់ស្តីពីការការពារដំណាំ និង SPS ជំរុញបង្កើត “សហគ្រិនភាពកសិកម្មថ្មីៗ – Agri-Entrepreneurship Incubators”។ ទី៦. គាំទ្រការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថាមពល និងឌីជីថល។ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធបញ្ជាផលិតតាមរយៈឌីជីថល។ ទី៧. គាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” ន

ិងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមាមកលើកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ “ការវិនិយោគបៃតង- Green Investment” សំដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានលក្ខណៈជាសេដ្ឋកិច្ចបៃតង ប្រកបដោយភាតរបរិស្ថានផងដែរ៕
អត្ថបទដែលជាប់ទាក់ទង