ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី នៅខណ្ឌបឹងកេងកងប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរច្រើនពាក់ព័ន្ធការងារសាធារណការនិងបញ្ហាសំរាម

52

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅសាលប៊ែលធី ខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី០៣ តុលា ២០១៩នេះប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរច្រើនពាក់ព័ន្ធការងារសាធារណការនិងបញ្ហាសំរាម ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ។
វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកសំហេង បុរស ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកងនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះអោយរដ្ឋបាលរាជធានី ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានា
ក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ ។
លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកំពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការ ពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយនិងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញ នូវប្បធម៌ នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ តុលា ២០១៩នេះប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរច្រើនពាក់ព័ន្ធការងារសាធារណការនិងបញ្ហាសំរាដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញរបស់យើងជួយដោះស្រាយជូនពួកគាត់ ក្នុងនោះរួមមានសំណើរនិងសំណូមពរ ដោយផ្ទាល់មាត់ចំនួួន១៦នាក់ស្មើនិង១៩បញ្ហា និងសំណើរ សំណូមពរជាលាយលក្ខអក្សរចំនួន៧២សន្លឹក ហើយបញ្ហា ដែលជាកង្វល់នេះភាគច្រើនប្រជាពលរដ្ឋចង់អោយអាជ្ញាធរជួយពួកគាត់ ក្នុងរួមមានការជម្រុញអោយកាត់មែកឈើដែលបាំងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ការជួសជុលផ្លូវដែលទទួលរងការខូចខាតនៅក្នុងមូលដ្ឋាន ហើយបញ្ហាដែលប្រឈមខ្លាំងជាងគេនោះគឺបញ្ហាសំរាម ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែធ្វើការណែនាំអោយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហាស្ទះ៣ នោះគឺការដោះស្រាយការកកស្ទះចរាចរ ស្ទះលូ និងស្ទះសំរាម ។បញ្ហា៣នេះហើយ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ព្រោះថា នៅភ្នំពេញយើងបច្ចុប្បន្ននេះមានការអភិវឌ្ឃរីកចំរើនយ៉ាងខ្លាំង ដែលធ្វើអោយមានកំណើនយានយន្តនិងមនុស្ស កើនឡើងជាលំដាប់ ដោយមកដល់ពេលនេះប្រជាពលរដ្ឋនៅភ្នំពេញមានរហូតដល់ទៅ៣លាន៥០ម៉ឺននាក់ទៅហើយ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលបានចុះស្ថិតិមានចំនួន២លាន៣សែននាក់ ប្រជាពលរដ្ឋដែលចំណាកស្រុកមកបំពេញការងារនៅភ្នំពេញមានចំនួន៨០ម៉ឺននាក់ ជាមួយនិងអ្នកទេសចរណ៍រាប់សិបម៉ឺននាក់ទៀត។
ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្សក៏បាន
ជម្រុញអោយមានការចូលរួមហូបអំបុកនៅរមណីយដ្ឋានវត្តភ្នំទាំងអស់គ្នាផង ស្របពេលដែលទណ្ឌិ
តសម រង្ស៊ី ប្រើយុទ្ធនាការម្រាម៩ ចង់បង្កើតអោយមានបដិវត្តពណ៌ប្រឆាំងរាជរដ្ឋាភិបាល។
លោកកើត ឆែ ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងថា រាល់សំណើរនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហា ការជួសជុលផ្លូវ លូ ប្រឡាយ ដើម្បីរំដោះទឹកនេះ រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការកោះប្រជុំជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញដើម្បីធ្វើការស្ថាបនានិងជួលជុលទៅតាមធនធានដែលមាន ពោលគឺកម្រិតណាត្រូវប្រគល់អោយខណ្ឌនិងកម្រិតណាប្រគល់អោយថ្នាក់រាជធានីដោះស្រាយ។ចំពោះទីតាំងដែលទទួលរងការខូចខាតដូចជាផ្លូវ លូនេះអាជ្ញាធរភូមិ សង្កាត់ត្រូវរាយការណ៍មកខណ្ឌអោយបានជាក់លក្ខណ។
ដោយឡែកបញ្ហាសំរាមវិញ លោកកើត ឆែ បានបញ្ជាក់ផងដែរថា សំរាមជាបញ្ហារបស់យើងទាំងអស់គ្នាដែលត្រូវប្រឈមមុខដោះស្រាយ ហើយបញ្ហានេះបើមិនមានការចូលរួម ការភ្ញាក់រលឹកពីប្រជាពលរដ្ឋយើងអនុវត្តមិនបានជោគជ័យនោះទេ ។លោកថា បញ្ហានេះ ការអប់រំ ណែនាំប្រជាពលរដ្ឋវាជារឿងសំខាន់ដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអប់រំណែនាំប្រជាពលរដ្ឋអោយពួកគាត់ចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវនិងបញ្ជ្រៀបការយល់ដឹងពីផលប៉ះពាល់នៃសម្រាមនេះ៕

 

អត្ថបទដែលជាប់ទាក់ទង