ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េប្រហែល៤៥០លានដុល្លារនៅឆមាសទី១នៃឆ្នាំ២០១៩

125

(ភ្នំពេញ)ទំនាក់ទំនងទ្វេភាគីកម្ពុជាកូរ៉េលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានសម្ដែងការពេញចិត្តចំពោះការបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យផ្សេងៗរវាងប្រទេសយើងទាំងពីរចាប់តាំងពីពេលយើងចាប់ផ្តើមទំនាក់ទំនងការទូតជាថ្មីក្នុងឆ្នាំ១៩៩៧។

លោកបន្តថាសាធារណរដ្ឋកូរ៉េបានជួយដល់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមានការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍជនបទកសិកម្មបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។

លោកបញ្ជាក់ថា  ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរបស់យើងកំពុងកើនឡើងពីប្រមាណ៦០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ដល់ជាង៧០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨និងប្រហែល៤៥០លានដុល្លារអាមេរិកនៅឆមាសទី១នៃឆ្នាំ២០១៩។

នៅល្ងាចថ្ងៃទី០២ខែតុលាឆ្នាំ២០១៩លោកប៉ានសូរស័ក្ដិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជាកូរ៉េក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងមតិអបអរសាទរលោករដ្ឋមន្ត្រីបានថ្លែងសេចក្ដីកោតសរសើរចំពោះរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកូរ៉េលើភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការជំនះឧបសគ្គជាច្រើនដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងប្រទេសនិងលើកកម្ពស់កិត្តិនាមរបស់ប្រទេសកូរ៉េលើថ្នាលអន្តរជាតិ។លោករដ្ឋមន្ត្រីបានបន្តកត់សម្គាល់ថាជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ក្នុងវិស័យអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យានិងសុខុមាលភាពសង្គមសាធារណរដ្ឋកូរ៉េបានប្រែក្លាយខ្លួនទៅជាមេដឹកនាំឧស្សាហកម្មពិភពលោកមួយនិងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិក៏ដូចជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាពនៅក្នុងតំបន់ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ។

មុននឹងបញ្ចប់លោករដ្ឋមន្ត្រីបានជម្រាបជូនថាទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីMoon Jae-in មកកាន់ប្រទេសកម្ពុជាកាលពីខែមីនាកន្លងមកនិងដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េនាពេលខាងមុខសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានសាធារណរដ្ឋកូរ៉េនិងកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េលើកទី១នៅខែវិច្ឆិកានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសកម្ពុជានិងកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង