ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា- វៀតណាម ទទួលស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤%

61

វៀតណាម៖ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រកាសសេចក្តីថ្លែងការណ៍រួម ស្ដីអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ច ដោយទទួលស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤% និងបានបញ្ជាក់សាជាថ្មីថា សកម្មភាពនេះបានរំលឹក នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងដំណើរការដោះស្រាយ បញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។

បន្ទាប់ពីអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗមួយចំនួននោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា- វៀតណាម សម្ដេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានអញ្ជើញថ្លែងសេចក្តីប្រកាសព័ត៌មានរួមស្តីពីជំនួបពិភាក្សាទ្វេភាគី និងលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានសំដែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលវិជ្ជមាន និងមានសារសំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់សម្តេច និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ។

ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ ជាពិសេសចំពោះការចុះហត្ថលេខា នៃឯកសារច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤% និងបានបញ្ជាក់សាជាថ្មីថា សកម្មភាពនេះបានរំលឹក នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរ ក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណាត់ព្រំដែន ដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពជំរុញ កិច្ចសហប្រតិបត្តិការ ស្ដីពីការគ្រប់គ្រងព្រំដែន ដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានកត់សម្គាល់ដោយពេញចិត្ត ចំពោះសមិទ្ធផលសេដ្ឋកិច្ចនិងសង្គម ដែលកម្ពុជា និងវៀតណាមសម្រេចបាន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរ បានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើតការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឱ្យប្រសើរឡើង នូវជីវភាពរបស់ប្រជាពលរដ្ឋ ដែលរួមចំណែកដល់ការបន្តពង្រីកពង្រឹងតួនាទី និងជំហររបស់ខ្លួននៅក្នុងតំបន់ ​និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយ កាន់តែស៊ីជម្រៅថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្ដូរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់រក្សា នូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ពង្រឹងការផ្លាស់ប្ដូរ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារសំខាន់ រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ដើម្បីរក្សានូវសន្តិភាព និងសន្តិសុខរួម ជាពិសេសនៅតាមបណ្ដាលព្រំដែន នៃប្រទេសទាំងពីរ ព្រមទាំងបន្តរក្សាគោការណ៍ នៃការមិនអនុញ្ញាតឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងសន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយទៀត។

ដោយទទួលស្គាល់នូវកាលានុវត្តភាពដ៏ល្អប្រពៃ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ នៃប្រទេសជិតខាងភាគី ពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ទៅជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី កម្ពុជាវៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញ ការតភ្ជាប់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ តាមរយៈការបញ្ចប់ ឲ្យបានឆាប់នូវផែនការមេ​ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាវៀតណាម រហូតដល់ឆ្នាំ ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួម ស្ដីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សរណៈយោគយល់គ្នា ស្តីពីយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ ២០៣០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពរក្សាកំណើនសេដ្ឋកិច្ច នៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់វិធានការ ជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញវិនិយោគ និងពាណិជ្ជកម្ម​ ផ្សារណាត់ និងការតាំងពិព័រណ៍នៅក្នុងប្រទេសនីមួយៗ។

ប្រទេសទាំងពីរ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្ដានុពល សំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ កសិកម្មប្រើបច្ចេកវិទ្យាទំនើប កសិកម្មនិងការច្នៃផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ និងការថែទាំសុខភាពជាដើម៕

អត្ថបទដែលជាប់ទាក់ទង