ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញអ្នកវិនិយោគវៀតណាម មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅកម្ពុជា 

127

វៀតណាម៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុប រវាងប្រទេសទាំងពីរ សម្រេចបានចំនួន២,៧២ពាន់លានដុល្លារអាមេរិក ដែលយើងរំពឹងថា នឹងសម្រេចដល់ប្រមាណជា៥ពាន់ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញអ្នកវិនិយោគវៀតណាម មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យក្លាយទៅជាផ្នែកមួយសំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងពង្រឹងភាពប្រកួតប្រជែង និងធ្វើឲ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមនៅក្នុង
សន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម។ សន្និសីទនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសវៀតណាម ធុរជន និងអ្នកវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរផងដែរ។

នៅក្នុងសន្និសីទនេះផងដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ជាពិសេសលើផ្នែកវិនិយោគ និងពាណិជ្ជកម្មបានបង្ហាញអំពីសក្កានុពល ប្រទេសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគ ទៅវិញទៅមក ក្នុងគោលដៅដើម្បីទាក់ទាញ ក៏ដូចជាពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាន៍ស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះធុរជននិងអ្នកវិនិយោគវៀតណាម ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើន ផ្នែកសង្គមកិច្ច ផ្នែក​សេដ្ឋកិច្ចសង្គម​ កាលានុវត្តភាពនិង សក្តានុពល វិនិយោគក៏ដូចជាជ្រាបអំពីការដាក់ចេញនូវវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

សម្ដេចតេជោក៏បានកោតសរសើរ ចំពោះប្រជាជននិងរដ្ឋាភិបាល នៃប្រទេសវៀតណាម ដែលបានខិតខំរួមគ្នាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគួរជាទីមោទនៈ ទាក់ទាញបាននូវការវិនិយោគផ្ទាល់ ពីបរទេសយ៉ាងសន្ធឹកសន្ធាប់ ខណៈដែលទំហំពាណិជ្ជកម្មមានសន្ទុះកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពកាន់តែប្រសើរ។

សម្តេចតេជោ បានមានប្រសាសន៍បន្តថាកម្ពុជា និងវៀតណាមមានទំនាក់ទំនងល្អនឹងគ្នា ជាយូរលង់ណាស់មកហើយ។ កម្ពុជានៅចងចាំជាដរាប និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការជួយរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការចូលរួមស្តារ និងការកសាងកម្ពុជាពីគំនរផេះផង់ឡើងវិញ។ ជាមួយគ្នានេះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជន នៃប្រទេសទាំងពីរ បានបង្ហាញយ៉ាងប្រត្យក្សពីភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើ ផ្នែកសេដ្ឋកិច្ចសង្គមនយោបាយនិងការទូត។

សម្តេចតេជោបន្តថា ក្នុងវិស័យពាណិជ្ជកម្ម សម្តេចពិតជាមានក្តីមោទនភាព ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី ដែលកាលពីឆ្នាំ២០១៨​ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាមសម្រេច បានចំនួនប្រមាណជាង៤,៧ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណជា២៤%​ ធៀបនឹងឆ្នាំ២០១៧។ ដោយឡែកក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ សម្រេចបានចំនួន២,៧២ពាន់លានដុល្លារអាមេរិក ដែលយើងរំពឹងថា នឹងសម្រេចដល់ប្រមាណជា៥ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។ ក្នុងវិស័យវិនិយោគវិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ខែសីហាឆ្នាំ២០១៩ កម្ពុជាអនុម័តគម្រោងវិនិយោគ របស់ក្រុមហ៊ុនវៀតណាមចំនួន៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជា២,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្ម មានចំនួនប្រមាណ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។ ក្រោយពីគម្រោងវិនិយោគដែលបាន ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាន នៃការវិនិយោគក្រុមហ៊ុនវៀតណាម ក្នុងវិស័យនានាដូចជា វិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំ លក់រាយជាដើម។

ចំពោះវិស័យទេសចរណ៍វិញ វៀតណាមឈរនៅលំដាប់លេខរៀងទី២ នៅឆ្នាំ២០១៧ និង២០១៨។ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរវៀតណាមមកកម្ពុជា មានចំនួនប្រមាណជាង៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើង ប្រមាណជា៤,៦% បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨កន្លងទៅ។ ចំនួនភ្ញៀវទេសចរប្រទេសទាំងពីរ រំពឹងថានឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោម គោលដៅនិងផលិតផលទេសចរណ៍ ជាក់ស្ដែងជើងហោះហើរត្រង់ ភ្នំពេញ-ដាណាំង និងចាប់ផ្ដើមដំណើរការនាពេលឆាប់ៗខាងមុខនេះ បន្ថែមលើជើងហោះហើរកម្ពុជាវៀតណាម ដែលមានស្រាប់ចំនួន១១២ជើង ក្នុងមួយសប្តាហ៍។

ក្នុងក្របខ័ណ្ឌនៃកិច្ចសម្រួលការដឹកជញ្ជូនផ្លូវគោក និងឡូជីស្ទិក ប្រទេសទាំងពីរបានឯកភាពអនុញ្ញាត ឲ្យយានយន្តចំនួន៥០០គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនចំនួន៩ ហើយប្រទេសទាំងពីរបាន និងកំពុងពិភាក្សាលើការបន្ថែម ចំនួនយានយន្តនិងជំនួញច្រកឆ្លងកាត់ដែរ។ សម្ដេចតេជោ ក៏សូមណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ធ្វើការសិក្សានិងពិនិត្យលទ្ធភាពជាក់ស្ដែងដាក់ ចេញនូវយន្តការពិសេស ដើម្បីបង្កើនការសម្រួលពាណិជ្ជកម្ម និងផ្នែកឡូជីស្ទីក នៅតាមជាយដែនជាពិសេសដើម្បីត្រៀមលក្ខណៈឆ្លើយតប ទៅនឹងកំណើនយ៉ាកំហុស នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន បន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ និងទីក្រុងហូជីមិញ មកប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយ នៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញអ្នកវិនិយោគវៀតណាម មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត លើវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យសំណង់ ផលិតសម្ភារៈបរិក្ខាសំណង់ និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងជាវិស័យសក្តានុពលរបស់កម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យក្លាយទៅជាផ្នែកមួយសំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងពង្រឹងភាពប្រកួតប្រជែង និងធ្វើឲ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះ សម្តេចតេជោក៏បានមានប្រសាសន៍ អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុង នៃការវិនិយោគក្នុងប្រទេសកម្ពុជា ដែលសម្ដេចបានដឹកនាំកិច្ចប្រជុំពីរថ្ងៃ ទី២៩ ខែមីនាឆ្នាំ២០១៩
កន្លងទៅ ដែលបានផ្ដល់ដល់ផ្នែកវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ ជូនដល់រដ្ឋាភិបាល ដើម្បីពិនិត្យនិងមានវិធានការ សមស្របដើម្បីដោះស្រាយ និងដើម្បីធ្វើឲ្យវិនិយោគិន ដែលមកវិនិយោគក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួល។

សម្ដេចតេជោ បានស្វាគមន៍រាល់ការសម្រេចចិត្ត របស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគវៀតណាម ដែលបានជ្រើសរើស នឹងមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចក៏បានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាម ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់បន្ថែម ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងវៀតណាម។ សម្ដេចក៏សូមធានា ជូនដល់អ្នកវិនិយោគគ្រប់រូប នូវបរិស្ថានប្រកបដោយអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

នៅចុងបញ្ចប់នៃសន្និសីទនេះផងដែរ ក៏មានពិធីចុះហត្ថលេខាមួយលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគ នៃប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង