ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិករដ្ឋសភា សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៤២៨ គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

43

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៦៥៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សមាគម និស្សិតមុស្លិមកម្ពុជា សហការជាមួយអង្គការមុស្លិមហេលហ្វិន (muslimehelfen) នៃប្រទេសអាល្លឺម៉ង់ បាននាំយកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគ ចែកជូនប្រជាពលរដ្ឋចំនួន ២៤២៨គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ មកពីឃុំកំពង់ទ្រាស និងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីចែកនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ដោយក្នុង ០១គ្រួសារ ទទួលបានអង្ករចំនួន ២០គីឡូក្រាម មី ០១កេស និងត្រីខ ១០កំប៉ុង។

លោកវេជ្ជ. សុះ មុះសិន បានលើកឡើងថា ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៩ នេះ សមាគមនិស្សិតមុស្លិមកម្ពុជាបានអំពាវនាវដល់អង្គការមុស្លិមហែលហ្វិន (muslimehelfen) នៅប្រទេសអាល្លឺម៉ង់ ដើម្បីរួមចំណែកជួយសម្រួលដល់ទុក្ខលំបាកខ្វះខាត របស់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ២២០៦គ្រួសារ ក្នុងឃុំកំពង់ទ្រាសទាំងមូល ដែលមាន០៦ភូមិ និង ចំនួន ២២២គ្រួសារ មកពីភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ក្រៅពីគម្រោងខាងលើ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់សមាគមនិស្សិតមុស្លិមកម្ពុជា អង្គការ muslimehelfen ក៏បានផ្តល់នូវគម្រោងមនុស្សធម៌ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ដូចជា កសាងអគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង ដែលមាននិស្សិតនារីមុស្លិមស្នាក់នៅ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ផ្តល់ប្រាក់កម្ចីឥណទានឥតការប្រាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ ខណ្ឌដូន ពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ផ្តល់អំណោយសង្គ្រោះ បន្ទាន់ ដល់ជនរងគ្រោះដោយសារមហន្តរាយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ នៅតាមបណ្តារាជធានី ខេត្ត ផ្តល់ថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួសក្នុងខែរ៉ាម៉ាឌន កម្មវិធី Qurban (ចែកសាច់គោ) ជារៀងរាល់ឆ្នាំ និងការបើកវគ្គបណ្តុះបណ្តាលកាត់ដេរ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដោយឥតគិតថ្លៃ។

លោក វេជ្ជ. សុះ មុះសិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ muslimehelfen ដែលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ រួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង