ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទ័ព ដណ្ដើមបានមេដាយមាស ​ច្រើនជាងគេ

58

 

ភ្នំពេញ៖ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី៣តុលាមកនោះ បានបញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី៦តុលានាសាលដំបូលទូក ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង ជាប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេបានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិនេះ ព្រមទាំងបានបំពាក់មេដាយនិងផ្តល់រង្វាន់ដល់កីឡាករកីឡាការិនីដែល ទទួលបានជ័យលាភីទៀតផង។

ក្នុងចំណោម ២១ សមាគម-ក្លឹប ដែលចូលរួមការប្រកួតនេះ ជាលទ្ធផលគឺសមាគមកីឡាការ៉ាតេមជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាកងយោធពលខេមរភូមិន្ទ បានឈ្នះមេដាយច្រើនជាងគេ គឺចំនួន១៨ ក្នុងនោះមេដាយមាសចំនួន១១ មេ ដាយប្រាក់ ១ និងមេ ដាយសំរឹទ្ធ ៦ឈរលំដាប់លេខរៀងទី១លើតារាង។

សម្រាប់លំដាប់លេខរៀងទី២ គឺសមាគមកីឡាក្រសួងមហាផ្ទៃ បានមេដាយមាស៦ ប្រាក់៣ សំរិទ្ធ៣ សរុបចំនួន ១២ ហើយលំដាប់លេខរៀងទី៣ គឺក្លឹបការ៉ាតេដូ អូគឹយឺគឹ ខេត្តសៀមរាប បានមេដាយចំនួន១០ គឺមេដាយមាស៣ ប្រាក់៤និងសំរិទ្ធ៣ ។

លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានមានប្រសាសន៍ថា ក្រោយពេលដែលរូបលោកត្រូវបាន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធជ្រើសតាំងជាប្រធានខេមរសហព័ន្ធមកនោះ លោកបានដាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ”ប្រជាជនម្នាក់ហាត់កីឡាមួយមុខ “និង “ក្រសួង-ស្ថាប័នមួយ ទ្រទ្រង់កីឡាមួយប្រភេទ” ។

បើតាមរបាយការណ៍លោកវ៉ាត់ចំរើនអគ្គលេខាធិការខេមរៈសហព័ន្ធកីឡាការ៉ាតេ បានឲ្យដឹងថាឆ្លងកាត់ការប្រកួតជើងឯកនេះសហព័ន្ធពិនិត្យឃើញថាកីឡាករកីឡាការិនីកីឡាការ៉ាតេកម្ពុជាបច្ចុប្បន្នគឺមានការរីកចម្រើនខាងបច្ចេកទេសទាំងផ្នែកវិញ្ញាសាប្រយុទ្ធនិងវិញ្ញាសាកាតាពិសេសកីឡាករដែលមានអាយុ១៥ឆ្នាំរហូតដល់ជាង២០ឆ្នាំគឺបានបង្ហាញឲ្យឃើញពីកម្រិតនិងគុណផលកីឡាកម្រិតខ្ពស់ដែលដែលជាការរីកចម្រើនថ្មីមួយដែលសហព័ន្ធបានដាក់ទិសដៅឱ្យគ្រប់ក្លឹបសមាគមទាំងអស់ហ្វឹកហាត់ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិកីឡាការ៉ាតេឆ្នាំ២០១៩នេះ មានប្រតិភូសរុបចូល រួមចំនួន១៦៦ នាក់ មកពី២១ក្លឹប ដែលមានកីឡា ករ-កីឡា ការិនីចំនួន ១២១ នាក់ ក្នុងនោះកីឡាការិ នីមាន៣៥នាក់ ។ ចំពោះវិញ្ញាសាដែលដាក់ ឲ្យប្រកួតវិញនោះ មានវិញ្ញាសាប្រកួតចំនួន ០៤ រួមមាន វិញ្ញាសាកាតាឯកត្តជន និង កាតាក្រុម វិញ្ញាសា ប្រយុទ្ធឯកត្តជន និង ប្រយុទ្ធក្រុម (Kurto) ដែលចែកចេញជា ៣៦ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង