ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញជំរុញឲ្យ អាជ្ញាធរខណ្ឌនិងមន្ទីរ ក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំនិងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារនិងដើមឈើ

44

ភ្នំពេញ៖  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរនិងក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំនិងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារនិងដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងមានភាពទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ។

   ការជម្រុញបែបនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រង ជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ ដោយមានការចុូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុន PPD E&C និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមថែទាំ ជួសជុល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ និងការថែទាំដើមឈើ សួនច្បារសាធារណៈ។

    លោកឃួង ស្រេង បានបញ្ជាក់ថា  រាជធានីភ្នំពេញរបស់យើងមានវិសាលភាពកាន់តែធំ ដោយយើងបានកាត់សង្កាត់មួយចំនួនពីខេត្តកណ្តាល ។ដូច្នេះទេការបំរើសេវាជូនប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ ដូចជាការតំឡើងភ្លើងបំភ្លឺសាធារណៈជាដើម ហើយបញ្ហានេះប្រជាពលរដ្ឋតែងតែបានលើកឡើងជាសំណើរនិងសំណូមពរនៅក្នុងវេទិកាសាធារណៈ ដោយអោយអាជ្ញាធររបស់យើងជួយដាក់ភ្លើងបំភ្លឺសាធារណៈនៅតាមភូមិដ្ឋានរបស់ពួកគាត់។ លើបញ្ហានេះយើង បានគិតគូរនិងបានដាក់ភ្លើងបំភ្លឺសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ច្រើនហើយដែរ បើទោះបីមិនបាន១០០ភាគរយក្តី ពោលគឺយើងអនុវត្តទៅលទ្ធភាពដែលយើងមាន។ មានន័យថា អ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផ្តល់ជូនភ្លាមតែម្តង។

   លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ចូលរួមថែទាំនិងមើលការខុសត្រូវទៅលើភ្លើងបំភ្លឺសាធារណៈ ទៅលើសួនច្បារនិងដើមឈើជាដើម ពោលគឺកន្លែងណាដែលមាន ការខូចខាតត្រូវធ្វើជារបាយការណ៍ ឬរាយការណ៍មកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីនិងក្រុមហ៊ុនពាក់ព័ន្ធដើម្បីធ្វើការជួសជុលនិងកែលំអឡើងវិញ ។ ដូច្នេះទេការងារនេះ យើងត្រូវតែរួមគ្នាធ្វើដើម្បីឲ្យរាជធានីភ្នំពេញរបស់យើង មានភ្លើងបំភ្លឺសាធារណៈសួនច្បារនិងដើមឈើ គួរជាទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង