ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាស្ពានអាកាសថ្មើរជើង នៅខណ្ឌទួលគោកមានការប្រែប្រួលដោយស្ពានអាកាសនៅមុខសាលាសន្ធរម៉ុកអាចនឹងសាងសង់លើចំនុចផ្លូវប្រសព្វទាំង៤ទិស

106

ភ្នំពេញ៖ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅខណ្ឌទួលគោកចំនួន២កន្លែងនៅត្រង់ផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកនឹងមានការប្រែប្រួលពោលគឺស្ពានអាកាសនៅមុខសាលាសន្ធរម៉ុកអាចនឹងសាងសង់លើចំនុចផ្លូវប្រសព្វទាំង៤ទិសនៅចំណុចស្តុបនេះតែម្តងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

   នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១០តុលា២០១៩នៅសាលារាជធានីភ្នំពេញ

   អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងក្នុងកិច្ចប្រជុំបានជំរុញឲ្យក្រុមហ៊ុនដែលទទួលការសាងសង់នេះស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរមុនគេចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាឋមសិក្សាសន្ធរម៉ុកត្រូវសិក្សាបន្តទៀតដោយសារតែចង់ពង្រីកគម្រោងស្ថាបនានេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសត្រង់ភ្លើងស្តុបសន្ធរម៉ុកតែម្តង។

  លោកឃួងស្រេងបានថ្លែងថាការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខផ្សារដើមគរនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចងឲ្យមានការស្ថាបនាឲ្យបានឆាប់ខណៈដែលក្រុមអ្នកជំនាញបានសិក្សាពីផលប៉ៈពាល់រួចរាល់ហើយ។

     លោកបានបន្ថែមថាចំពោះគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀតដោយសារតែអាជ្ញាធរចង់ធ្វើស្ពានអាកាសនេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តងដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។

  លោកឃួងស្រេងបានបន្តថាកិច្ចការងារនេះលោកចង់អោយក្រុមហ៊ុនពង្រឹងកិច្ចសហការជាមួយមន្ទីររៀបចំដែនដីនិងមន្ទីរសាធារណការហេតុអ្វីបានយើងត្រូវពង្រឹងកិច្ចការងារនេះដោយសារនៅលើរថយន្តកំពុងធ្វើដំណើរចឹងអ្នកដំណើរឆ្លងកាត់ត្រូវមានសុវត្ថិភាពហើយអ្នកជិះពីក្រោមក៏ត្រូវមានសុវត្ថិភាព។ការពង្រឹងគុណភាពសំណង់និងសោភ័ណភាពនេះដើម្បីអោយប្រជាពលរដ្ឋទទួលយកបានយើងធ្វើនេះដើម្បីទាក់ទាញដែលសម្រួលដល់អ្នកឆ្លងកាត់ដោយទី១កុំអោយគាត់ឆ្លងកាត់ជាមួយឡានវាអាចប្រឈមនឹងគ្រោះថ្នាក់មានហានិភ័យទំាងសងខាងទី២យើងធ្វើនេះដើម្បីអោយមានសុវត្ថិភាពទំាងព្រមដែលនេះជាកិច្ចការមួយធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តទទួលយកការអភិវឌ្ឍរបស់យើង។

  តំណាងក្រុមហ៊ុនស្ពេកមេឌៀSpace Media ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះបានឲ្យដឹងថាជាគម្រោងបច្ចេកទេសស្ពានអាកាសថ្មើរជើងមុខផ្សារដើមគគឺសាងសង់ដោយឆ្លងកាត់មហាវិថីម៉ៅសេទុងដែលប៉ៈពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ៨ផ្ទះប៉ុន្តែពួកគេនៅតែអាចចេញចូលនិងចតរថយន្តបានដោយសារនៅសល់គម្លាតរហូតដល់៥ម៉ែត្រពីគម្រោង។ដោយឡែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀត។

សូមបញ្ជាក់ថាមកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែងនិងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែងហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង