ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោកនិងក្រុមការងារថ្នាក់ ជាតិ ចុះជួយមូលដ្ឋាន ដង្ហែអង្គកឋិនវេរ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា​អស់ត្រី​មាស​ក្នុងពុទ្ធសីមាវត្តនាគវ័ន បានទឹកប្រាក់ជាង១២ម៉ឺនដុល្លារ

134
ភ្នំពេញ៖ លោកទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌ​ទួលគោក និងលោកស្រី និងលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មន្ត្រីក្រោមឱវាទ សង្កាត់ទាំង១០ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ក្នុងមូលដ្ឋានខណ្ឌទួលគោកផង កាលពីព្រឹកថ្ងៃទី១៤ តុលា ២០១៩ បានដង្ហែអង្គកឋិនទាន មកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា​អស់ត្រី​មាស​ក្នុងពុទ្ធសីមាវត្តនាគវ័ន ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយទទួលបានបច្ច័យជាង១២ម៉ឺនដុល្លារ ដើម្បីកសាងសមិទ្ធផលនានានៅក្នុងទីអារាមវត្តនេះ។
    បុណ្យកឋិន ជាពិធីបុណ្យមួយដែលបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីបុណ្យចេញវស្សា ​ដោយត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​​ទី​​អារាម​ទាំងអស់​ ពុំមានវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ សម្រាប់ជាកិច្ចជួយឧបត្ថម្ភ​ដល់​ព្រះសង្ឃ​ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដែលនេះ ជាប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋយើង តាំងពីយូរយាណាស់មកហើយ ។អង្គកឋិនទាននេះ​រយៈ​ពេល​តែ២៩ថ្ងៃតែប៉ុណ្ណោះ ដោយចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដោយវត្តមួយទទួលបាន
តែម្តង។  ហេតុនេះគេតែង​តែ​ឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ ​ទៅ​កាន់​ទី​អារាម​រៀងៗខ្លួន ហើយបើទីអារាមណាមួយ មិនមិនមានកឋិនណាមួយហែលចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
        សូមបញ្ជាក់ថា កឋិន គឺជាសំពត់​ដែល​ទាយកទាយិកានាំយកគ្រឿងស្លៀកដណ្តប់ ដែលដេរ​ភ្ជាប់​ដោយចេស មានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា​អស់​រយៈ​ពេល៣ខែរួចមកហើយ។ ចំពោះបុគ្គលអ្នកធ្វើ គប្បីធ្វើអោយត្រូវតាមរបៀបវិន័យព្រះពុទ្ធ ឯព្រះសង្ឃ ក៏គប្បីក្រាលគ្រង និងអនុមោទនា អោយត្រឹមត្រូវតាមវិន័យព្រះពុទ្ធដែរ ទើបកើត​ជា​កឋិន​ពេញ​លក្ខ​ណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិន បានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និង​អនុមោទនា ក៏បានអានិសង្ស៥យ៉ាងដែរ។
   នៅក្នុងឱកាសបុណ្យកឋិនទាន ដែលផ្តួចផ្តើមដោយលោកទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង និងលោកឯក ឃុនដឿនខាងលើនេះ ប្រមូលបានបច្ច័យ គិតជាប្រាក់ដុល្លារបានចំនួន១២៨៦៩០ដុល្លារអាមេរិក សម្រាប់បំរើដល់ការកសាងសមិទ្ធផលនានា ក្នុងវត្តនាគវ័ននេះ។ ក្រៅពីនេះលោកទេសរដ្ឋមន្ត្រីក៏បានប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តនេះចំនួនជាង៣០០អង្គ ដោយក្នុងមួយអង្គចំនួន៥ម៉ឺនរៀលផងដែរ។
           នៅក្នុងឱកាសនោះព្រះគ្រូនាគាភិរក្ខ ងិន ឃីម ព្រះអនុគណខណ្ឌទួលគោក និងជាព្រះគ្រូ​ចៅ​អធិការវត្តនាគវ័ន បានថ្លែងអំណរគុណចំពោះលោកនិងលោកស្រី និងញាតិញោមជាពុទ្ធ​បរិ​ស័ទ​ជិតឆ្ងាយទាំងអស់ ដែលបានមកចូលរួមចាប់មគ្គផលកសាងនូវកុសល ក្នុងអង្គកឋិនទាននេះ ហើយ​ព្រះអង្គ ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីអង្គកឋិនទាននេះ សូមអោយបានទៅ​បុព្វ​ការីជន ដែលបានចែកឋានរំលាយក្ខ័ន្ធទៅកាន់លោកខាងមុខនោះផង និងសូមអោយ​ញាតិ​ញោម​ទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន៕
អត្ថបទដែលជាប់ទាក់ទង